វ៉ាក់សាំង១លាន៥០ម៉ឺនដូសទៀត នឹងមកដល់ជាបន្តបន្ទាប់នៅក្នុងខែនេះ

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលប្រកាសថានៅក្នុងខែឧសភានេះ វ៉ាក់ សាំងនឹងមកដល់ជាបន្តបន្ទាប់ ។

នៅថ្ងៃទី ១៦ ខែឧសភា នឹងមកដល់ ៥០ម៉ឺនដូស ចំណែកនៅថ្ងៃទី ២៣ ខែឧសភា នឹងមកដល់ ១លានដូស។

កាលពីព្រឹកមិញនេះ​វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់ (Sinovac)​ចំនួន៥០ម៉ឺនដូសបានមកដល់កម្ពុជាជាវ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ ជាទិញពីរដ្ឋាភិបាលចិន។

វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា។

វ៉ាក់សាំងកូវីដ១៩ ជាផ្នែកដ៏សំខាន់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់ប្រជាពលរដ្ឋពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។

កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា( AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)៕