ត្រឹមតែរយៈពេល ១ថ្ងៃ មានស្រ្តីសម្រាលកូនជិត ១០០០នាក់ បានមកទទួលសេវា បន្ទាប់ពី ប.ស.ស. បើកទទួលឯកសារឡើងវិញ

ភ្នំពេញ៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវសេចក្តីសម្រេចក្នុងការបិទខ្ទប់ទីតាំងភូមិសាស្ត្រចំនួនពីរ គឺរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល បេឡាជាតិសន្តិសុខសង្គម បានផ្អាកផ្តល់សេវាមួយចំនួនដែលប៉ះពាល់ផ្ទាល់ជាមួយសមាជិករបស់ខ្លួន ជាបណ្តោះអាសន្ន។

នៅថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ ប.ស.ស. បានបើកដំណើរការជាធម្មតាវិញ ហើយគ្រាន់តែរយៈ១ថ្ងៃប៉ុណ្ណោះ មានបងប្អូនជាស្ត្រីមានផ្ទៃពោះ និងបានសម្រាលកូនរួចជាសមាជិក ប.ស.ស. ជិត ១០០០នាក់ បានមកទទួលសេវាពី ប.ស.ស. នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. ក្នុងបទសម្ភាសន៍មួយកាលពីព្រឹកមិញនេះ។

លោក សុក បូរ៉ា បានបញ្ជាក់ឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណជាង ៦.៥ពាន់លានរៀល ត្រូវបានបើកផ្តល់ជូនសមាជិក ប.ស.ស. ជាស្ត្រីសម្រាលកូនសរុបចំនួន ១៦ ៣៨៥នាក់ ក្នុងនោះស្រ្តីសម្រាលបានកូនបីមានចំនួន ២នាក់ ស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ១០៤នាក់ ដែលមានចំនួនកូនសរុប ១៦ ៤៩៣នាក់ ។ ដោយឡែកសម្រាប់ការផ្តល់តាវកាលិកថែទាំសុខភាព (ប្រាក់បំណាច់ប្រចាំថ្ងៃ) ទឹកប្រាក់សរុបប្រមាណជាង ៣.៨ពាន់លានរៀល ត្រូវបាន ប.ស.ស. បើកផ្តល់ជូនសមាជិករបស់ខ្លួនសរុបចំនួន ២១ ៩៣៨នាក់ ដែលគិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ។

លោក សុក បូរ៉ា បានឱ្យដឹងដែរថា បើទោះបីជា ប.ស.ស. បានបើកទទួលឯកសារទាមទារតាវកាលិកជាធម្មតាក៏ពិតមែន ប.ស.ស. នៅតែបន្តអនុវត្ត និងគោរពតាមវិធានសុខាភិបាល តាមការដាក់ចេញនូវិធានការដ៏ម៉ត់ចត់បំផុតរបស់ប្រមុខដឹកនាំកម្ពុជា ៣ការពារ និង៣កុំ ដើម្បីរួមចំណែក និងចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

លោកស្រី ជា សុភ័ក្រ បម្រើការនៅក្រុមហ៊ុនឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ ក៏ដូចជាកម្មការិនីផ្សេងៗទៀត ក្នុងពេលមកទទួលសេវាពី ប.ស.ស. បានបង្ហាញពីអារម្មណ៍ពិតថា លោកស្រីពិតជារីករាយពេញចិត្ត និងមានការទុកចិត្តខ្ពស់ក្នុងការមកទទួលសេវានៅ ប.ស.ស. ដែល ប.ស.ស. បានរៀបចំឱ្យមានការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងការរក្សានូវអនាម័យផ្សេងៗបានយ៉ាងល្អ។

លោកស្រីបានបន្តទៀតថា លោកស្រីពិតជាអរគុណយ៉ាងខ្លាំងបំផុតដល់ ប.ស.ស. ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្កើតឱ្យមានរបបសន្តិសុខសង្គមមួយនេះឡើង ពិសេសសម្តេចតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុតពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតតែម្តង ៕

0