ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងបន្ទាប់ពីបានធ្វើការស្រាវជ្រាវអស់រយះពេលជាច្រើនថ្ងៃកន្លងមក ផងនោះ នៅវេលាម៉ោង១៨:០០នាទីថ្ងៃទី១១ ខែឧសភាឆ្នាំ២០២១កម្លាំងនគរបាលស្រុកប្រាសាទបាគង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះពៅ សុធារុណ (ហៅហុង)ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ពាក់ព័ន្ធករណីអំពើលួចម៉ូតូ០១គ្រឿង កាលពីម៉ោង១៨:៣០នាទី ថ្ងៃទី២៩ខែ មីនាឆ្នាំ២០២១កន្លងទៅ នៅចំណុចភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប។

ដំណើររឿង កាលពីវេលាម៉ោង១៨:៣០ នាទីថ្ងៃទី២៩ ខែមីនាឆ្នាំ២០២១ ជនរងគ្រោះឈ្មោះន ប រ ភេទប្រុស អាយុ៤២ ឆ្នាំ និងប្រពន្ធបានជិះម៉ូតូ១គ្រឿងទៅលេងផ្ទះបងថ្លៃ នៅភូមិល្អក់ ដោយទុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ លេខតួ-លេខម៉ាស៊ីន ៥៥២៧០៤៨ ពាក់ផ្លាកលេខ សៀមរាប 1AF-3681(មិនបានដកកូនសោរ) នៅក្នុងរោងបាយនៃបរិវេណផ្ទះរបស់ខ្លួនលុះដល់ម៉ោង២០ថ្ងៃដដែលពេលត្រឡប់មកដល់ផ្ទះវិញ ទើបដឹងថាបាត់ម៉ូតូ ហើយក៏បានមកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលឃុំកណ្តែក កាលពីថ្ងៃទី៣០ខែមិនាឆ្នាំ២០២១កន្លងទៅ ។

ក្រោយទទួលបានបណ្តឹងហើយ កំលាំងប៉ុស្តិ៍សហការជាមួយកំលាំងនគរបាលនៃអធិការដ្ឋានស្រុកប្រាសាទបាគង បានបើកការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាជនសង្ស័យបាន លុះដល់ថ្ងៃទី១១ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១៨ :០០នាទី កំលាំងយើងបានប្រទះឃើញមុខសញ្ញាសង្ស័យខាងលើ កំពុងជិះម៉ូតូតាមដងផ្លូវ យើងក៏បានដាក់កំលាំង សហការណ៍គ្នា ធ្វើការស្ទាក់ត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យដឹងខ្លួនហើយបានបើកគេច តែយើងក៏បានធ្វើការប្រដេញតាម រហូតចាប់ឃាត់បាននិងដកហូតបានម៉ូតូ០១ គ្រឿង ដែលជនសង្ស័យកំពុងជិះ យកមកធ្វើការត្រួតពិនិត្យ លេខតួលេខម៉ាស៊ីនម៉ូតូនេះ ទើបឃើញថាពិតជាមានលេខដូចគ្នា និងម៉ូតូ របស់ជនរងគ្រោះខាងលើ បានបាត់ពិតមែន ។

ក្រោយឃាត់និងសាកសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពលួចម៉ូតូខាងលើពិតមែន ដោយ បានដាប់ដូរផ្លាកលេខ កុំអោយគេស្គាល់ ។ ជាមួយគ្នានេះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនយើងបានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យរកសារធាតុញៀន ជាលទ្ធផល គឺវិជ្ជមាន ។

បច្ចុប្បន្នជនសង្ស័យរូបនេះនិងវត្ថុតាង ត្រូវបាន កម្លាំងនគរបាលស្រុកប្រាសាទបាគង សហការណ៍ជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕