មនុស្សជាមេខ្យល់នាំមនុស្សឆ្លងដែនដោយខុស​ច្បាប់ចំនួន ០២នាក់ និងពលករចំនួន ១៧នាក់ ត្រូវបានឃាត់ខ្លួននៅស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង៖ ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ចាប់ពីវេលា​ម៉ោង១៧រហូតដល់ម៉ោង ១៨ល្ងាច នៅចំណុចភូមិសាស្រ្តទទួលខុសត្រូវដោយកងអនុសេ​នាតូច​លេខ៣ ចំណុះផ្នែកសឹករងស្រុកភ្នំព្រឹកស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់​ដំបង អនុវត្តតាមយោបល់ ដឹកនាំរបស់លោកឧត្តម​​សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរ​សេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក ដឹកនាំកម្លាំងសហការជាមួយ កម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោក៨១៩ និងកម្លាំងផ្នែកសឹករងស្រុកភ្នំព្រឹក ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធនៅទីនោះ អនុវត្តឃាត់ខ្លួននិងនាំខ្លួន អ្នកលួចឆ្លងដែនពីប្រទេសកម្ពុជា បំណងចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់និងប្រថុយ​ប្រ​ថាន​បំផុតចំនួន១៩នាក់ស្រី០១នាក់។

ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចបានរកឃើញមនុស្សជា(មេខ្យល់)ក្នុងការនាំឆ្លងដែនដោយខុសច្បាប់នេះ ចំនួន០២នាក់គឺ៖

១-ឈ្មោះ ផូ ផាត ហៅ តៃ ភេទប្រុស អាយុ​៣៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

២-ឈ្មោះសាផាតភេទស្រីអាយុ៦៤ឆ្នាំមុខរបរកម្មកររស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្រោយពេលសាកសួរនិងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក បានរៀបចំកសាងសំ​ណុំរឿងបញ្ជូនអនុវត្តតាមផ្លូវច្បាប់ រីឯពលករចំ​នួន ១៧នាក់ បាននាំយកទៅកាន់មណ្ឌលចត្តា​ឡី​ស័កកម្រិតទី១ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមវិធានសុខាភិបាលមុននឹងមានចំណាត់ការបន្ត៕