សហរដ្ឋអាមេរិក៖ «CDC អាមេរិក រកឃើញបញ្ហាកំណកឈាមបន្ថែមទៀត លើអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson ក្នុងនោះ៣នាក់ស្លាប់»

(ឈីកាហ្គោ)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) នៃសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានរកឃើញករណី កំណកឈាមនៅក្នុងសសៃឈាម (blood clotting) បន្ថែមទៀត នៅក្នុងចំណោមពលរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រភេទ «ចាក់តែ១ដូស» របស់ក្រុមហ៊ុន Johnson & Johnson។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។

បញ្ហាកំណកឈាមខាងលើនេះ គឺត្រូវបានរកឃើញសរុប ២៨ករណី នៅក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson សរុបជាង ៨.៧លាននាក់។ វាពាក់ព័ន្ធនឹងបញ្ហាលើចរន្តឈាម (thrombosis with thrombocytopenia syndrome ឬ TTS) ដែលបង្កឡើងដោយកម្រិតប្លាកែត (platelets ឬកោសិកាឈាម) ធ្លាក់ចុះដល់កម្រិតទាប ដែលនាំឲ្យប៉ះពាល់ដល់ចរន្តលំហូរឈាមក្នុងរាងកាយ។

តាមទិន្នន័យពី CDC បានឲ្យដឹងទៀតថា នៅក្នុងចំណោមការរកឃើញ បញ្ហាកំណកឈាមទាំង ២៨ករណីខាងលើនេះ មនុស្សចំនួន ០៣នាក់ហើយបានបាត់បង់ជីវិត។ កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅនេះ CDC បានរាយការណ៍អំពីករណីអ្នកកើតមានកំណកឈាម ក្រោយពីបានចាក់វ៉ាក់សាំង Johnson & Johnson សរុប ១៧ករណី នៅក្នុងចំណោមអ្នកដែលបានចាក់ ៨លាននាក់។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់របស់ CDC បានផ្តល់ការណែនាំឲ្យប្រើប្រាស់វ៉ាក់សាំង Johnson & Johnson ឡើងវិញកាលពីថ្ងៃទី២៣ ខែមេសា ក្រោយពីវាត្រូវបានផ្អាកមួយរយៈពេលខ្លី ដោយសារតែការរកឃើញករណីកំណកឈាមដូចខាងលើ។ យ៉ាងណាក៏ដោយ មិនទាន់មានការសម្រេចចិត្តថា វាអាចផ្អាកទៅវិញសិនដែរ ឬមួយក៏យ៉ាងណានោះឡើយ។ បើតាម CDC ករណីកំណកឈាមក្រោយការចាក់វ៉ាក់សាំង Johnson & Johnson គឺមិនសូវខុសពីករណីពាក់ព័ន្ធវ៉ាក់សាំង AstraZeneca នៅអឺរ៉ុបនោះឡើយ៕

ប្រភព÷ FN