សូមប្រុងប្រយ័ត្នជាមួយនឹងកម្មវិធីមេរោគដែលក្លែងបន្លំជាកម្មវិធីសម្រាប់ទិញលក់រូបិយប័ណ្ណឌីជីថល

ការទិញលក់ភាគហ៊ុន និងរូបិយប័ណ្ណឌីជីថលគឺកាន់តែមានភាពពេញនិយមនៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដែលនេះបានធ្វើឱ្យជនខិលខូចឆ្លៀតឱកាសបង្កើតកម្មវិធីក្លែងក្លាយដើម្បីលួចយកឈ្មោះសម្រាប់ចូលទៅក្នុងគណនី និងលេខសម្ងាត់របស់អ្នកប្រើប្រាស់។

ជាឧទាហរណ៍ កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវសន្តិសុខបច្ចេកវិទ្យាបានរកឃើញកម្មវិធីមេរោគជាច្រើនសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android ដែលក្លែងបន្លំជាកម្មវិធីរបស់ក្រុមហ៊ុនទិញលក់ភាគហ៊ុនធំៗមានដូចជា Barclays, Gemini, Bitwala, Kraken, Binance, BitcoinHK, Bittrex, BitFlyer, និង TDBank។ កម្មវិធីក្លែងក្លាយទាំងនោះត្រូវបានបង្កើតឡើងដើម្បីលួចយកព័ត៌មានរបស់អ្នកប្រើប្រាស់ទាំងឡាយណាដែលបានទាញយកកម្មវិធីនោះដោយមិនមានការប្រុងប្រយ័ត្ន។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីមេរោគទាំងនេះភាគច្រើនត្រូវបានផ្សព្វផ្សាយនៅក្នុងគេហទំព័រស្វែងរកគូស្នេហ៍ ឬផ្ញើសារតាមរយៈបណ្ដាញទំនាក់ទំនងសង្គម ដោយលួងលោម បោកបញ្ឆោតជនរងគ្រោះថា ការទិញលក់ភាគហ៊ុន ឬរូបិយប័ណ្ណឌីជីថលជាមួយកម្មវិធីរបស់ពួកគេគឺមានកម្រៃសេវាកម្មទាប ឬក៏មិនមានយកកម្រៃសេវាកម្មថែមទៀតផង។ ពេលខ្លះទៀតក្រុមជនខិលខូចបានបង្កើតគេហទំព័រក្លែងក្លាយដែលមើលទៅដូចគេហទំព័ររបស់ក្រុមហ៊ុនពិតប្រាកដ ដែលអាចឱ្យជនរងគ្រោះទាញយកកម្មវិធីក្លែងក្លាយប្រសិនបើពួកគេប្រើទូរសព្ទប្រភេទ Android ឬ Web Clips ប្រសិនបើពួកគេប្រើទូរសព្ទប្រភេទ iPhone នោះ។

ដោយសារតែជនខិលខូចតែងតែរិះរកល្បិចកលថ្មីដើម្បីធ្វើការបោកបញ្ឆោត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការផ្សព្វផ្សាយណា ដែលផ្ដល់សេវាកម្មប៉ុន្តែមិនយកកម្រៃសេវាកម្ម ឬសន្យាថានឹងអាចរកប្រាក់ចំណូលបានច្រើនហើយងាយៗ។ ម្យ៉ាងវិញទៀតសូមលោកអ្នកទាញយកតែកម្មវិធីដែលមាននៅក្នុង Play Store ឬ App Store ដើម្បីជួយកាត់បន្ថយការទាញយកកម្មវិធីដែលមានបង្កប់មកជាមួយមេរោគនោះ៕

ប្រភពព័ត៌មាន