ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យការរដ្ឋានស្ថាបនាផ្លូវមួយខ្សែតាមបណ្តោយដងទន្លេសេកុង 

នៅព្រឹកថ្ងៃពុធ ១កើត ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហម១ខ្សែ ប្រវែង៤.៤៨០ម៉ែត្រ ទទឹង៧ម៉ែត្រ និង៩ម៉ែត្រ ចាប់ពីចំណុចត្រើយម្ខាងស្ពានមិត្តភាពកម្ពុជា-ចិន សេកុង ដល់ព្រំប្រទល់ឃុំសាមឃួយ ស្រុកសេសាន ក្នុងនោះមានការងារចាក់ដីបំពេញទីធ្លាគល់ស្ពានសេកុង ការងារដាក់លូប្រអប់ និងលូទោលគ្រប់ប្រភេទ ព្រមទាំងការងារតម្លើងស្ពានដែកបាទ្បេត៍ (នៅចំណុចអូរសាឃូន) ចំនួន១កន្លែង ប្រវែង ៣៦ម៉ែត្រ ក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថាផ្លូវមួយខ្សែនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋតាមរយៈរដ្ឋបាលខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ។

ឯកឧត្តមបន្តថាឡើងថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សានុសិស្សបានធ្វើដំណើរទៅមកសាលារៀន។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ក្រុមការងារស្ថាបនាផ្លូវត្រូវខិតខំប្រឹងប្រែងក្នុងការស្ថាបនាឲ្យបានលឿននិងស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាការប្រើប្រាស់បានយូអង្វែង៕