លោក Ryu Hirose៖ វាជាការលំបាកក្នុងការជ្រើសរើស កីឡាករជម្រើសជាតិ ក្នុងស្ថានភាពលំបាកនេះ

CAMSOC-ភ្នំពេញ៖ លោក Ryu Hirose គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាថ្លែងថា វាជាការលំបាកណាស់ក្នុងការជ្រើសរើសកីឡាករក្នុងស្ថានភាពនេះ ដោយសារតែការប្រកួតលីគកំពូលកម្ពុជាត្រូវបានពន្យារពេល និងផ្លាស់ប្តូរ ដែលធ្វើឲ្យមានការលំបាកក្នុងការសម្រេចចិត្ត ជ្រើសរើសកីឡាករ។

នេះតាមតាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ គ្រូបង្គោលកម្ពុជាថ្មីរូបនេះបន្ថែមថា «ពួកយើងបានទស្សនាការប្រកួតមួយចំនួនរួចមក យើងបានកត់សម្គាល់ឃើញថា ការបង្ហាញខ្លួនរបស់កីឡាករនៅមិនទាន់ល្អនៅឡើយទេ ប៉ុន្តែយើងសម្រេចចិត្តជ្រើសរើសកីឡាករ ដោយផ្អែកទៅលើសមិទ្ធផល ដែលពួកគេសម្រេចបានកន្លងមកដល់ពេលបច្ចុប្បន្ន និងជាកីឡាករ ដែលមានសក្តានុពលខ្ពស់ សម្រាប់ពេលអនាគត។ ពួកយើងមានភាពជឿជាក់លើកីឡាករដែលពួកយើងបានជ្រើសរើស»។
គ្រូបង្គោលជនជាតិជប៉ុន លោក Ryu Hirose បន្ថែមទៀថា «ខ្ញុំចង់ឲ្យកីឡាករយើងខិតខំប្រឹងប្រែង និងប្រកួតប្រជែងឲ្យខ្លាំងទៅតាមលទ្ធភាព ដែលពួកគេអាចធ្វើបាន ជាគឺពិសេសកីឡាករវ័យក្មេង ដើម្បីនាំយកបទពិសោធ និងទំនុកចិត្តត្រឡប់មកវិញ ដោយរំពឹងថានឹងមានការរីកចម្រើនបន្ថែមទៀតនៅពេលអនាគត»។

លោក Ryu Hirose គឺជាគ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជាថ្មី ជំនួសដំណែងគ្រូបង្គោលចាស់ជនជាតិអាហ្សង់ទីន លោក Felix G. Dalmas ដែលបច្ចុប្បន្នបន្តដឹកនាំក្រុមកម្ពុជាជាមួយអ្នកចាត់ការទូទៅជនជាតិជប៉ុន គឺលោក Keisuke Honda រហូតដល់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ កាលពីបេក្ខភាពដឹកនាំរបស់គ្រូបង្គោល លោក Felix G. Dalmas និងលោក Keisuke Honda បានដឹកនាំឲ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំកសាងប្រវត្តិសាស្ត្រថ្មីមួយ (ក្នុងរយៈពេល៦០ឆ្នាំ) នៅក្នុងសីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីចុងឆ្នាំ២០១៩ ដោយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានប្រកួតចាញ់វៀតណាម (U22) ក្នុងលទ្ធផល ០ទល់៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានប្រកួតចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា (U22) ប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ក្នុងលទ្ធផល ៤ទល់៥ នៃការទាត់បាល់១១ម៉ែត្រកាត់សេចក្តី ក្រោយរក្សាលទ្ធផលស្មើគ្នា ក្នុងការប្រកួតពេញម៉ោង៩០នាទី ២ទល់២ ដោយកម្ពុជាបានត្រឹមលេខ៤។

សម្រាប់បេសកកម្មថ្មីរបស់ក្រុមកម្ពុជាក្នុងឆ្នាំ២០២១នេះនឹងត្រៀមចូលរួមប្រកួតបន្តបង្រ្គប់កិច្ច ចំនួន៣ប្រកួតចុងក្រោយនៃវគ្គចែកពូលជុំទី២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) ដែលត្រូវប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី៣មិថុនា, ជួបជាមួយម្ចាស់ផ្ទះ អ៊ីរ៉ាក់ នាថ្ងៃទី៧មិថុនា និងទទួលធ្វើម្ចាស់ផ្ទះ១ប្រកួតចុងក្រោយជាមួយក្រុមភ្ញៀវ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងពូលC ដែលមាន៥ក្រុម មានកម្ពុជា, បារ៉ែន, ហុងកុង, អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ឆ្លងកាត់៥ប្រកួតកន្លងមកមិនធ្លាប់ឈ្នះ ស្មើ១ជាមួយក្រុមហុងកុង ១-១ និងចាញ់៤ប្រកួត។ ប្រវត្តិ១ប្រកួតដែលកម្ពុជារបូតគ្រាប់បាល់ច្រើនជាងគេ គឺចាញ់ម្ចាស់ផ្ទះ អ៊ីរ៉ង់រហូតដល់ ១៤ទល់០ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។ ក្រៅពីនេះ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជានឹងចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ផងដែរ៕