យុវជនឈាមរាវ ០៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

បន្ទាយមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពី លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងយោងតាមពាក្យបណ្ដឹង ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ម្ដាយជនរងគ្រោះ ឈ្មោះ ខាន់ លីហ័ង អាយុ៣៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីក្រុមក្មេងទំនើងមួយក្រុមបានយកកាំបិតមកកាប់លើកូនប្រុសរបស់គាត់ បណ្ដាលឱ្យដាច់កដៃខាងឆ្វេង និងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរជាច្រើនកន្លែង កាលពីវេលាម៉ោងប្រហែល១៨ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្នុងខណៈកូនប្រុសរបស់គាត់ទៅលេងបាល់នៅក្លិបបាល់ទាត់ស្ពតវើល ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយពីទទួលបានពា្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ចុះធ្វើប្រតិបត្តិការស្រាវជ្រាវដល់កន្លែងកើតហេតុដើម្បីសួរនាំរហូតកំណត់មុខសញ្ញាបាន ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៥នាក់ និងដកហូតវត្ថុតាងរួមមាន កាំបិតកែច្នៃដងដែកប្រវែង១៨៥សង់ទីម៉ែត្រចំនួន០១ដើម, កាំបិតបប៉័ងតោ ពណ៌ស ដងដែក០១ដើម, ពូថៅ ដងឈើ០១ដើម និងម៉ូតូចំនួន០២គ្រឿង។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងតាមនីតិវិធី៕