កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយ ដែលនឹងធានាដល់ការចូល ចតនាវាកុងតឺន័រខ្នាតធំៗ ប្រចាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុកំពុងមានសកម្មភាពយ៉ាងមមាញឹកជាមួយនឹងបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់របស់កំពង់ផែ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងជាតិមាតុភូមិ ដោយបានរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកបដោយចីរភាព ជាកំពង់ផែទឹកជ្រៅតែមួយ គត់របស់កម្ពុជា ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត បានជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ ។

បរិមាណទំនិញឆ្លងកាត់ឧបករណ៍លើកដាក់នៅក្នុងកំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើតឡើងជាលំដាប់។

បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងរៀបចំការពង្រីកកំពង់ផែ និងបង្កើតប្រព័ន្ធកំពង់ផែ EDI (Electronic Data Intercharge) ដែលនឹងជួយសម្រួលដល់នីតិវិធីផ្លូវ ការនៃនាវាចេញចូលកំពង់ផែកម្ពុជាក្នុងគោលបំណងពន្លឿននីតិវិធី និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញ តាមផ្លូវសមុទ្រ ការស្តុកទំនិញ និងអាចឆ្លើយតបទៅនឹងកំណើនវិនិយោគពីបរទេស ជាពិសេស សំដៅធ្វើ ឱ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយប្រកបដោយការប្រកួតប្រជែងនៅតំបន់អាស៊ី ទាក់ទងនឹងវិស័យ ភស្តុភារកម្ម និងការដឹកជញ្ជូន។

កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈ ការកសាងចំណតផែកុងតឺន័រថ្មីមួយជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូល ចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦០.០០០តោន ឬស្មើនឹង៩៣% នៃចំនួននាវាប្រចាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត៕