តុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់បុរសម្នាក់នៅក្នុងស្រុកពួក ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចធ្វើការចោទប្រកាន់ បុរសម្នាក់ឈ្មោះ រិន រ៉ា អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិជួយចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ព្រមទាំងបង្គាប់ឲ្យឃុំខ្លួនទៀតផង ខណៈដែលបុរសរូបនេះ ជាប់សង្ស័យជាមេខ្យល់នាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ដែលប្រព្រឹត្តទៅកាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុចម្ដុំច្រករបៀងក្បែរអូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ហេង បានឱ្យដឹងទៀតថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានប្រជាពលរដ្ឋចំនួន១៩នាក់ បានធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបានកម្លាំងនគរបាលការពារព្រំដែន និងទាហានការពារព្រំដែន ខេត្តបន្ទាយមានជ័យចាប់ខ្លួនបាន ហើយក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប ប្រជាពលរដ្ឋទាំងអស់នេះ ត្រូវបានបញ្ជូនត្រឡប់មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ ខេត្តសៀមរាប ប៉ុន្តែដោយមានការសង្ស័យថាមានមេខ្យល់នាំឆ្លងដែនខុសច្បាប់ លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានស្នើសុំគោលការណ៍ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីធ្វើការស្រាវជ្រាវដោយជួបសម្ភាសន៍ផ្ទាល់ជាមួយពលករទាំង១៩នាក់ នៅមណ្ឌលចត្តាឡីស័ក ឈានដល់កំណត់បានជនសង្ស័យជាមុខសញ្ញានាំឆ្លងដែនដោយខុសច្បាប់ ដែលមានឈ្មោះ រិន រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិជួយចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ជា ហេង បានឱ្យដឹងបន្ថែមទៀតថា ក្នុងចំណោមប្រជាពលរដ្ឋទាំង១៩នាក់ មានប្រជាពលរដ្ឋចំនួន១០នាក់នៅភូមិជួយចក្រី ឃុំត្រីញ័រ ត្រូវជនសង្ស័យឈ្មោះ រិន រ៉ា នាំពួកគាត់ឆ្លងដែនចូលទៅធ្វើការនៅក្នុងទឹកដីប្រទេសថៃ ដោយក្នុងម្នាក់ៗត្រូវបង់លុយចំនួន ៤១០០ បាត សម្រាប់ការនាំចូលទៅដល់កន្លែងធ្វើការមួយក្នុងចម្ការម្នាស់ក្នុងប្រទេសថៃ និងត្រូវចំណាយលុយថ្លៃរថយន្តពីផ្ទះដល់ព្រំដែនរៀងខ្លួនៗផងដែរ ហើយដោយផ្អែកតាមការបំភ្លឺរបស់ពលករទាំង១០នាក់ និង ផ្អែកតាមការស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យជាមេខ្យល់ ព្រមទាំងផ្អែកតាមការពិនិត្យស្ថានភាពជាក់ស្តែង ក្នុងការឃាត់បានពេលកំពុងធ្វើដំណើររៀបឆ្លងដែននោះ ឈ្មោះ រិន រ៉ា ពិតជាបានធ្វើសកម្មភាពនាំប្រជាពលរដ្ឋមួយក្រុមដែល ចំនួន ១០នាក់ ដើម្បីលួចឆ្លងដែនតាមច្រករបៀងដោយខុសច្បាប់ ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃពិតមែន ដូច្នេះផ្អែកតាមមាត្រា១០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ។

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប បានមានប្រសាសន៍ថា អនុវត្តតាមបទបញ្ជា និង អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ដីពីការររឹតបន្តឹងនៅតាមច្រកព្រំដែន ដូចជាការនាំចេញនាំចូលពលករទៅក្រៅប្រទេសដោយខុសច្បាប់ ក្នុងដំណាក់កាលដែលប្រទេសជាប់ព្រំដែនមានការបិទខ្ទប់ ដោយសារការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩នេះ គណៈអភិបាលខេត្ត ជាពិសេសឯកឧត្ដមអភិបាលខេត្តសៀមរាប និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត តែងតែបានធ្វើការណែនាំនិងចង្អុលបង្ហាញដល់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត និង អ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការគ្រប់គ្រង ការស្រាវជ្រាវ និង ការបង្ក្រាបបទល្មើសនៃការនាំចេញនាំចូលប្រជាពលរដ្ឋដោយខុសច្បាប់តាមរយៈមេខ្យល់ រួមទាំងការស្រាវជ្រាវរកមេខ្យល់ឲ្យឃើញ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីនៃច្បាប់ ។

លោកស្រី បានមានប្រសាសន៍ទៀតថា ក្រោមកិច្ចសហការល្អរវាងរដ្ឋបាលខេត្តសៀមរាប ជាមួយនឹងរដ្ឋបាលខេត្តដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃនោះ ជាពិសេសលទ្ធដែលសម្រេចបាននាពេលនេះ គឺក្រោមកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលខេត្តសៀមរាបនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានទប់ស្កាត់ និង បង្ក្រាបទាន់ពេលវេលា នូវការឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារនៅក្រៅប្រទេស ខណៈដែលកន្លងមក យើងសម្រចបានជាច្រើនករណី និង បញ្ជូនជនជាប់សង្ស័យជាមេខ្យល់ត្រូវតុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ។

លោកស្រីអភិបាលរងខេត្តសៀមរាបមានប្រសាសន៍បន្ថែមទៀតថា លទ្ធផលដែលសម្រេចបាននូវការបង្ក្រាបរហូតឈានទៅដល់ការកសាងសំណុំរឿងទៅតុលាការខេត្តចំពោះមេខ្យល់ខាងលើនេះ គឺដោយសារការណែនាំនិងបញ្ជាផ្ទាល់ពីឯកឧត្ដមអភិបាលខេត្ត បានចាត់ចែងនិងប្រគល់ភារកិច្ចឲ្យក្រុមការងារនៃលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត ជាពិសេសបានចាត់តាំងលោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត និង ជាអនុប្រធានលេខាធិការដ្ឋាន ឲ្យដឹកនាំមន្ត្រីជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស ចុះស្រាវជ្រាវជាបន្ទាន់ និងសាកសួរពលករ ដើម្បីឈានដល់ការកំណត់នូវអត្ដសញ្ញាណជនប្រព្រឹត្តល្មើសនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឲ្យបានឆាប់រហ័សជាទីបំផុត ។

ក្នុងឱកាសនេះដែរ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យធ្វើការពិចារណាឲ្យបានល្អិនល្អន់ និង ហ្មត់ចត់ជាមុនសិន មុននឹងសម្រេចចិត្តចង់ស្វែងរកការងារធ្វើនៅក្រៅប្រទេស ក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ កំពុងតែឆ្លងរាលដាលជាសកលយ៉ាងខ្លាំងក្លានៅឡើយនោះ ចៀសវាងការចាញបោកមេខ្យល់ ព្រោះវាមានហានីភ័យខ្ពស់ចំពោះខ្លួនយើង ហេតុនេះចូរព្យាយាមស្វែងរកការងារធ្វើនៅក្នុងប្រទេសយើងវិញ ព្រោះវាមានសុវត្ថិភាពសម្រាប់ខ្លួនយើង ។

សូមបញ្ជាក់ថា នេះជាករណីលើកទី២ សម្រាប់ឆ្នាំ២០២១នេះ ដែលសម្រេចបានក្នុងការងារគ្រប់គ្រង ស្រាវជ្រាវ និង បង្ក្រាបបទល្មើសនៃការនាំចេញនាំចូលប្រជាពលរដ្ឋដោយខុសច្បាប់តាមរយៈមេខ្យល់ រួមទាំងការស្រាវជ្រាវរកមេខ្យល់ឲ្យឃើញ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីនៃច្បាប់ ខណៈឆ្នាំ២០២០ សម្រេចបានចំនួន០៧ករណី ៕

ប្រភព÷ មន្ទីរព័ត៌មានខេត្តសៀមរាប