ឃាត់ខ្លួនជនល្មើសម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសម្លាប់

ខេត្តឧត្តរមានជ័យ÷ កាលពីរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧:៤០ នាទី មានប្រជាពលរដ្ឋរាយការណ៍ បានប្រទះឃើញសាកសពអណ្តែតទឹកនៅចំណុចត្រពាំងតាឌួង ចម្ងាយ ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញផែនព្រហ្មទណ្ឌ និងនៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះស្រាវជ្រាវសាវតា ជនរងគ្រោះមានឈ្មោះ ងួយ សុណី ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំខាងលើ ។

តាមការបំភ្លឺពីឪពុកម្តាយ កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១២,០០ នាទី ក្មេងស្រីរងគ្រោះ បានជិះកង់ទៅបេះទុំព្រីងនៅចំណុចខាងលើ លុះដល់ពេលល្ងាចពុំឃើញកូនត្រឡប់មកផ្ទះវិញ បានប្រាប់មេភូមិ និងអ្នជិតខាងឲជួយរក រហូតដល់ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧ :៤០ នាទី ទើបប្រទះឃើញសពដេកស្លាប់តែម្តង ។

បន្ទាប់ពីជំនាញបានធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវស៊ើបអង្កេត យើងកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អឿម សារី (ហៅស្រុី) ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពថា ៖ ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់ជនរងគ្រោះពិតប្រាកដមែន រួចហើយយកសាកសពទៅបោះចោលក្នុងត្រពាំងដែលមានព្រៃស្តុក រីឯកង់របស់ជនរងគ្រោះយកទៅទំលាក់ចូលក្នុងអូរចម្ងាយពីកន្លែងកើតហេតុប្រហែល ២០០ ម៉ែត្រ ។

បច្ចុប្នន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់៕