សម្តេចពិជ័យសេនា៖ ការចោទប្រកាន់របស់អនុព័ន្ធយោធាអាមេរិកគឺជាការនិយាយមួលបង្កាច់ និងមិនត្រឹមត្រូវ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា អ្វីដែលខាងភាគីអាមេរិកបានចោទប្រកាន់ថា មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើង ទឹក គឺជាការនិយាយមួលបង្កាច់ និងមិនត្រឹមត្រូវនោះទេ។

ការបញ្ជាក់របស់ប្រមុខការពារជាតិកម្ពុជាបានធ្វើឡើងបន្ទាប់ពីអនុព័ន្ធយោធាអាមេរិកបានចុះទៅពិនិត្យមើលទីតាំងកំពង់ផែរាមរបស់កម្ពុជានៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា អនុព័ន្ធយោធាអាមេរិកបានចុះទៅពិនិត្យ មើលទីតាំងកំពង់ផែរាមរួចហើយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ ដោយមន្ត្រីកម្ពុជាបាននាំអនុព័ន្ធយោធាអាមេរិកចុះទៅកំពុងតែបកស្រាយចំពោះការកើតរឿងថ្មីៗនិងការចោទប្រកាន់របស់អាមេរិក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ ធ្ងន់ថា រឿងនេះមិនមានអ្វីចម្លែកទាល់តែ សោះ គ្រាន់តែការធ្វើកំពង់ផែរាមរបស់កម្ពុជា គឺកម្ពុជាស្វះស្វែងរកដៃគូរដើម្បីជួយអភិវឌ្ឍន៍ ដោយសារកម្ពុជាពុំមានលទ្ធភាពធ្វើដោយខ្លួនឯងបានភ្លាមៗទៅតាមតម្រូវការនៃការអភិវឌ្ឍនោះបាន កម្ពុជាក៏ស្វែងរកដៃគូរ ហើយវាក៏មិនមានរឿងអ្វីចម្លែកដែរ។

ហើយការចោទប្រកាន់ថា កម្ពុជាឲ្យកំពង់ផែរាមទៅចិន គឺខុសពីការពិតឆ្ងាយណាស់ការបង្កើតនៅការរារាំងអំពីការអភិវឌ្ឍរបស់កម្ពុជាយ៉ាងជាក់លាក់តែម្តង។

 

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ភាគីចិនដែលជាមិត្តដែកថែបបានជួយអភិវឌ្ឍន៍កំពង់ផែរាមរបស់កម្ពុជាឱ្យទំនើបជាងមុនដោយមិនមានចំណងហើយបន្ទាប់ ពីសង់រួចទុកឲ្យកម្ពុជាជាអ្នកប្រើប្រាស់ដោយអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ មិនមែនសម្រាប់ផ្តាច់មុខឲ្យចិននោះទេ។

ការរួមចំណែកក្នុងការអភិវឌ្ឍកំពង់ផែរាមនេះ ដើម្បីលើកកម្រិតវិស័យការពារជាតិកម្ពុជា ខាងផ្នែកសមុទ្រ ឬឱ្យកម្ពុជាមានមូលដ្ឋាន ដើម្បីមានកន្លែងសមរម្យ មានរោងជាងសម្រាប់ជួសជុលបណ្តានាវាខាងសមុទ្រ មានផែសម្រាប់ចតនាវាឱ្យបានសមរម្យ។

សព្វថ្ងៃនេះ គឺឃើញច្បាស់ហើយ ទឹកវារាក់តូច អត់មានរោងជាងទេ ដូច្នេះគេមកជួយនេះ កម្ពុជាដឹងគុណណាស់ អរគុណគេ ហើយជំនួយនេះមាន ការជជែកវែកញែកគ្នាច្បាស់លាស់ គេជួយដោយអត់មានចំណងទេ។

សូមជម្រាបថា សម្តេចតេជោ បានឯកភាពនិងអនុញ្ញាតឲ្យអនុព័ន្ធយោធារបស់អាមេរិកចុះទៅមើលកំពង់ផែរាម ក្រោយជំនួបជា មួយលោកស្រី Wendy R.Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ៕

ប្រភព៖ នាយកដ្ឋាន ក្រសួងការពារ