ជំងឺគ្រុនឈីកគិតត្រឹមថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២១ មានករណីសង្ស័យជំងឺគ្រុនឈីក ៥១៤នាក់

ក្រសួងសុខាភិបាលបានប្រកាសព័ត៌មាននៅល្ងាចថ្ងៃទី១១មិថុនានេះថា ស្ថានភាពជំងឺគ្រុនឈីកនៅកម្ពុជាគិតត្រឹម ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះយោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិបានបញ្ជាក់ថា ជំងឺគ្រុនឈីកគិតត្រឹមថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២១ មានករណីសង្ស័យជំងឺគ្រុនឈីក ៥១៤នាក់ ត្រូវបានរាយការណ៍តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺ គ្រុនឈាមពីចំនួន១៣ ដែលក្នុងនោះ ៨៦% នៃករណីទាំងនេះ មកពី ខេត្តរតនគិរី មណ្ឌលគិរី បាត់ដំបង និងខេត្ត ក្រចេះ។

ការចម្លងជំងឺគ្រុនឈីក មានសមាមាត្រខុសគ្នា តាមក្រុមអាយុ និងយោងតាមរបាយការណ៍ បានបញ្ជាក់ ថា ៦៤,៥២% (៣៣១នាក់) ជាមនុស្សពេញវ័យ ២៦,៧១% (១៣៧នាក់) ជាកុមារ និង ៨,៧៧% (៤៥នាក់) ជា កុមារអាយុក្រោម៥ឆ្នាំ។

គួរកត់សំគាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រីមាន៤៩,៤២% (២៦០ នាក់) និង ភេទប្រុសដែលមាន ៥០,៥៨% (២៥៤នាក់)។ អ្នកជំងឺ ១០០% ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់ បានជាសះស្បើយ និងមិនមានករណីស្លាប់ទេ។

លទ្ធផលធ្វើការសិក្សាបាណកសាស្ត្របានបង្ហាញថា នៅក្នុងនិងជុំវិញផ្ទះ ត្រូវបានគេពិនិត្យមើលវត្តមាន របស់ដង្កូវទឹក បង្កើតជាមូស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក និងគ្រុនឈាមមាន ៣២ % ក្នុងពាងមូល និង ៦៨% ក្នុង កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កែវជ័រ សំបកង់ឡាន និងកង់ម៉ូតូដែលទុកចោលដក់ទឹក ៕