សម្រង់ប្រសាសន៍សម្ដេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធការចោទប្រកាន់ថា កម្ពុជាអនុញ្ញាតឱ្យមូលដ្ឋានទ័ពចិននៅកំពង់ផែរាម កន្លងមក 

សម្តេចតេជោ÷ រឿងយោធារបស់ចិន ម្តងហើយម្តងទៀតៗអំពីថាកំពង់ផែសមុទ្ររាម ឬក៏តំបន់ទេសចរណ៍តារាសាគរ អាចនឹងក្លាយទៅជាមូលដ្ឋានកងទ័ពជើងទឹករបស់ចិន។ ប៉ុន្តែ ព្រះតេជគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ពិចារណាជាមួយគ្នាមើល តើយើងត្រូវការវត្តមានរបស់បរទេសមកធ្វើអ្វីនៅស្រុកខ្មែរនេះ តើមានការចាំបាច់ទេ ហើយទៅវ៉ៃជាមួយអ្នកណា មានការចាំបាច់ទេ? វាគ្មានការចាំបាច់ទាល់តែសោះ ហ្នឹងសម្រាប់កម្ពុជា។

ឯចិនវិញ គាត់ចាំបាច់មកដាក់កងទ័ពនៅស្រុកខ្មែរធ្វើអី? បើចិន និងយើងជិតតែគ្នាហ្នឹង ឥឡូវនិយាយឱ្យវាស្រួលស្តាប់ ចិននិងយើងជិតគ្នា បើយើងហោះទៅហៃណាន តែ១ម៉ោងជាង អញ្ចឹងគាត់ចាំបាច់ដាក់ទ័ពនៅស្រុកខ្មែរ នាំបង្កើតរឿងបង្កើតរ៉ាវធ្វើអី? ដាក់ទ័ពនៅស្រុកគាត់ បើសិនជាមានបញ្ហាកើតឡើង នៅសមុទ្រចិនខាងត្បូង គាត់តែមួយភ្លែត គាត់ចល័តបានហើយ មិនចាំបាច់ដាក់ស្រុកខ្មែរនាំមានរឿង។ យើងនិយាយអញ្ចឹងចុះ។

ជាពិសេសកម្ពុជាខ្លួនឯងនេះ ចំណងនៅ ក្នុងរដ្ឋធម្មនុញ្ញ ហាមឃាត់ទីតាំងយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ឬទីតាំងយោធារបស់ខ្លួននៅលើទឹកដីប្រទេសក្រៅ លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជា ជាតិ ដែលមកដល់ពេលនេះ កងទ័ពរបស់យើង កំពុងតែនៅអាហ្វ្រិកកណ្តាល នៅម៉ាលី នៅស៊ូដង់ នៅស៊ូដង់ខាងត្បូង នៅលីបង់។

អញ្ចឹង ខ្ញុំសុំបញ្ជាក់ជាឱឡារិក មិនថាចិនឬក៏នរណាទេ គឺមិនត្រូវមានវត្តមាននៅលើទឹកដីកម្ពុជាទេ។ ការហ្វឹកហាត់រួមគ្នា គឺជារឿងធម្មតាខ្លាំងណាស់ ហើយការចុះចូលចត របស់នាវាចម្បាំង របស់ប្រទេស ក្រៅ នៅកំពង់ផែក្រុងព្រះសីហនុយើងនៅបន្តទទួល។ អាមេរិក មុនគេបង្អស់ចូលស្រុកខ្មែរ យើងធ្លាប់ទទួលតាមខ្ញុំចាំមានកងទ័ពអាមេរិក មានឥណ្ឌា មានបារាំង មានជប៉ុន មានអូស្រ្តាលី មានចិន។ អញ្ចឹងចូលទៅ កម្ពុជាស្វាគមន៍ទាំងអស់ហ្នឹង តិចទៅគាត់ចូលចាក់សាំង គាត់ឡើងលេងកំសាន្ត ជួនកាលគាត់ធ្វើសកម្មភាពមនុស្សធម៌ទទួលទាំងអស់ ហើយចុះម៉េចឃើញតែចិន បើខ្លួនឯងចូលដែរហ្នឹង វាពិបាកអារឿងអញ្ចឹង៕