អ្នកលួចទ្រព្យសម្បត្តិ និងអ្នកសមគំនិត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបន្ទាប់ពីបានធ្វេីសកម្មភាពរួចតែប៉ុន្មានម៉ោងប៉ុណ្ណោះ

កាលពីថ្ងៃទី១២​ ខែ​មិថុនា​ ឆ្នាំ​២០២១​ វេលាម៉ោងប្រមាណ១៦និង០០នាទី​ អនុវត្តតាមបទបញ្ជាដឹកនាំ​របស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមជាមួយយោបល់របស់លោកវរសេនីយ៍ឯក​ លឹម​​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រ​ហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ អធិការ​នគរបាលស្រុកមោងឫស្សី​បានដឹកនាំធ្វេីការស្រាវ​ជ្រាវ​ រហូតឈានទៅបង្រ្កាបករណី​លួចដោយមានស្ថានទម្ងន់ទោស(លួចទ្រព្យស​ម្បត្តិ)រ​បស់ប្រជាពលរដ្ឋចំនួន០​១ក​រណី​ នៅក្នុងមូលដ្ឋានឃុំមោង​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ បន្ទាប់ពីជនសង័្សយធ្វេីសកម្មភាពបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ជនសង័្សយទាំងពីរនាក់នោះគឺ៖

១-ឈ្មោះ​ ដន សិលា ភេទប្រុស អា​យុ១៨ឆ្នាំ រស់​នៅភូមិតា សាញ ឃុំតា​សាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង (អ្នកធ្វើសកម្មភាពផ្ទាល់)។

២-ឈ្មោះពៅ ម៉ាប់ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់​នៅភូមិរំចេក ឃុំកកោះ ស្រុ​កមោងឫស្សី ខេត្តបាត់ដំបង​(អ្នកសមគំនិត)។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី​ ១១​ ខែ​ មិថុនា​ ​ឆ្នាំ​​២០២១ វេលាម៉ោង០០​និង​២៥នាទី មានករណី​លួច​ដោតមានស្ថានទម្ងន់ទោស ០១កើត​ឡើងបង្កដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់សោរច្រវ៉ាក់ លួចយកម៉ូតូកង់បី ម៉ាកស៊ុយស៊ុយគីស្មាក់(ចាស់)គ្មានស្លាកលេខ ពណ៌​​ខ្មៅ និងលួចយកកំប៉ុងអេតចាយចំ​នួន​០១កា​រ៉ុង និងត្រី ជារបស់ឈ្មោះយួន ធីម ភេទ​ប្រុស អា​យុ៣៤ឆ្នាំរស់នៅភូមិឫស្សី​២ឃុំមោង ស្រុកមោង​ឫស្សី ខេត្តបា​ត់ដំ​បង ជាអាជីករលក់ម្ហូបក្នុងផ្សាររាត្រី(​ចំណុចកើតហេតុខាងលើ)។

នៅព្រឹកឡេីងថ្ងៃទី១២​ ខែ​ មិថុនា​ ឆ្នាំ​២០២១​ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលពីករណីចោរកម្មខាងលេី​ ដេីម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវ​រកទ្រព្យសម្បត្តិមកឱ្យខ្លួនវិញ​។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗរហូតដល់រសៀលថ្ងៃដដែលទេីបកំណត់បានពីមុខសញ្ញានេះនិងឈានទៅធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០២​នាក់ខាង​លេីតែម្តងនិងដកហូតបានម៉ូតូកង់បីប្រគល់ជូនម្ចាស់វិញ។

ជុំវិញករណីនេះលោកអធិការនគរ​បាលស្រុកបា​ន​ឱ្យដឹងថា​ មុខសញ្ញាជាជនសង័្សយឈ្មោះដន​ សិលា​ ដែល​មានទីលំនៅឯឃុំតាសាញ​ ស្រុក​សំឡូត​ មកធ្វេីជាកម្មករនៅក្នុងសិប្បកម្មមួយកន្លែងក្នុងស្រុកមោងឫស្សី​ ។ តាមចម្លេីយសារភាពរបស់គាត់ថានាពេលកន្លងទៅគាត់ធ្លាប់លួចទ្រព្យសម្បត្តិរបស់ពលរដ្ឋនៅក្រុងបាត់ដំបង​ មុន​ពេលដែលគាត់ផ្លាស់ទៅធ្វេីជាកម្មករនៅស្រុកមោងឫស្សី​ ហេីយនៅថ្ងៃកេីតហេតុនេះគាត់តែម្នាក់ឯង​ កាត់សោរច្រវ៉ាក់ចាក់ម៉ូតូហេីយ​លួច​យកម៉ូតូកង់បីនេះ​ ពេលលួចបាន​ក៏ទំនាក់ទំនងជាមួយឈ្មោះពៅ​ ម៉ាប់​ នាំយកម៉ូតូនេះទៅលក់​ ហេីយក៏ត្រូវបានសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនតែ​ម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើទាំង​០២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុករៀបចំបញ្ជូនមកការិយាល័យជំនាញដេីម្បីអនុវត្តតាមច្បាប់៕