កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនប្រជាពលរដ្ឋ១០នាក់និងអ្នកបើករថយន្តម្នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក ប្រចាំការនៅមុខខ្លោងទ្វារផ្លូវចូលភូមិតេជោភ្នំឆ័ត្រ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ប៉ុស្តិ៍ថ្នល់បំបែក សហការជាមួយម្លាំងយោធាការពារព្រំដែកគោកលេខ៥០៣ នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១ បានដើរល្បាតខាងជើងភូមិតេជោភ្នំឆ័ត្រចម្ងាយប្រហែល៥០ម៉ែត្រ ក្នុងភូមិសាស្ត្រភូមិតាជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក បានជួបប្រជាពលរដ្ឋខ្មែរចំនួន១០នាក់ និងអ្នកបើករថយន្ត០១នាក់ បម្រុងនាំឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ។
អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋដែលបម្រុងឆ្លងដែននោះគឺសុទ្ធតែបុរសទាំងអស់មកពីខេត្តព្រៃវែង ។
ជាមួយគ្នានោះដែរ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកដឹកជញ្ជូន០១នាក់ ឈ្មោះ សេង ហ៊ុយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ពួកគេធ្វើដំណើរដោយរថយន្តម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AH-3897 ។
ចំពោះប្រជាពលរដ្ឋទាំង១០នាក់នោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យស្វាយចេក ចំណែកអ្នកបើកបររថយន្តកំពុងធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ