ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋឆេក ដែលបានលុប​បំណុល​មួយ​ចំនួ​នធំ ហើយបំណុលដែលសេសសល់បានបង្វែរមកជួយកម្ពុជាវិញ

នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ព្រឹកថ្ងៃទី១៤មិថុនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា ដែលទើបត្រូវបានតែងតាំងជា ឯកអគ្គ​រដ្ឋទូត​ថ្មី នៃសាធារណ​រដ្ឋ​ ឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលសាធារណរដ្ឋឆេក បានលុប​បំណុល​មួយ​ចំនួ​នធំ ហើយបំណុលដែលសេសសល់បានបង្វែរមកជួយកម្ពុជាវិញ តាមរយៈការសាងសង់​សាលា​រៀន និងវិស័យសង្គមកិច្ចជាដើម។

ក្នុងជំនួបសម្តែងការគួរសមនោះ ឯកឧត្តម ម៉ាទីន បានជម្រាប​ ជូនសម្តេចតេជោថា បេសកកម្មរបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ គឺធ្វើ​យ៉ាងណាពង្រីក និង​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកធំធាត់ឡើង និងស៊ីជម្រៅ​ថែមទៀត។ ឯកឧត្តម បាន​បន្ថែមថា សាធារណរដ្ឋឆែក មានមនោសញ្ចេតនាខ្ពស់ និងអារម្មណ៍​យ៉ាង​ជិតស្និទ​ជាមួយ​នឹង​កម្ពុជា​។ ឈរនៅលើមូលដ្ឋាននេះ ឯកឧត្តមបានសន្យាជូនសម្តេចតេជោថា នឹង​ប្រឹងប្រែងឲ្យ​អស់ពី​សមត្ថភាព ដើម្បីជំរុញនិងលើកស្ទួយកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងលើវិស័យវិនិយោគ។ ជាមួយគ្នានោះ ឯកឧត្តម​ក៏បាន​ជំរាបជូនសម្តេចតេជោ​ដែរថា សាធារណរដ្ឋឆែក នឹងបន្តជួយដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ​ធនធានមនុស្ស។

ជាការឆ្លើយតបសម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ និងអបអរជូនចំពោះលោក ម៉ាទីន វ៉ាវរ៉ា ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅកម្ពុជា។ សម្តេច​តេ​ជោ បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋឆែក ដែលបានជួយដល់កម្ពុជា ពី​អតីត​កាល លើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ ពីនោះទៅទៀត ក៏បានលុប​បំណុល​មួយ​ចំនួ​នធំ ហើយបំណុលដែលសេសសល់បានបង្វែរមកជួយកម្ពុជាវិញ តាមរយៈការសាងសង់​សាលា​រៀន និងវិស័យសង្គមកិច្ចជាដើម។ ពាក់ព័ន្ធនឹងបេសកកម្មការទូត របស់លោក ម៉ាទីន , សម្តេចតេជោ បានឲ្យលោកយកចិត្តទុកដាក់ ទៅលើការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទៅលើការអភិវឌ្ឍធនធានមនុស្ស។ សម្តេចតេជោ បានបន្ថែមថា កម្ពុជាកំពុង​តែជំរុញ​ការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលអាចចាក់បានដល់ទៅ១០លាននាក់ ត្រឹមតែវិច្ឆិកា​ខាង​មុខ​។

ប្រភព: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា