សមត្ថកិច្ចឃាត់ខ្លួន ជនជាតិខ្មែរ ចិន វៀតណាមនិងថៃ៣២នាក់ និងជាង១០០ទៀត បានវាយទម្លុះសោរទ្វាររត់ចេញអស់ ក្នុងការបង្រ្កាបទីតាំងខារ៉ាអូខេផឹកស៊ី ០២កន្លែង 

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបង្រ្កាបទីតាំងខារ៉ាអូខេជនជាតិខ្មែរនិងជនជាតិចិន ចំនួន០២កន្លែងផ្សេងគ្នាជួបជុំច្រៀងផឹកស៊ីល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលដោយឃាត់ខ្លួនមនុស្សប្រុស.ស្រីចំនួន៣២នាក់ ចំណែកប្រមាណជាង១០០នាក់ទៀតវាយគាស់ទម្លុះទម្លាយសោរទ្វារត់គេចខ្លួន ខណៈដែលសមត្ថកិច្ចខំប្រឹងព្យាយាមឃាត់ឃាំងក៏មិនអាចទប់ទល់បាននោះទេ។

កម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការឱ្យដឹងថាកាលពីវេលាម៉ោង១១នឹង៤០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានទទួលព័ត៌មានមកថា នៅចំណុចទីតាំងហាងខារ៉ាអូខេយីហោ ជីង ជុង ស្ថិតនៅលើបណ្តោយផ្លូវសហព័ណ្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានបើកលួចលាក់ផឹកស៊ីច្រៀងខារ៉ាអូខេ ពីសំណាក់ជនបរទេសចម្រុះគឺចិន វៀតណាម និងថៃ ។

បន្ទាប់មកក៏បានប្រមូលពួកគេទាំងនោះមកជាន់ក្រោមឱ្យសម្រាកនៅក្នុងហាងខារ៉ាអូខេនោះមួយយប់សិន រងចាំព្រឹកឡើងហៅគ្រូពេទ្យមកពិនិត្យធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយសមត្ថកិច្ចបានចាក់សោរទ្វារខាងមុខនិងខាងក្រោយ។

លុះនៅវេលាម៉ោង៣ យប់ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ពួកគេទាំងនោះក៏បានវាយសោរទម្លុះទម្លាយទ្វារក្រោយបណ្តាលឱ្យបាក់ ក៏នាំគ្នារត់ចេញយ៉ាងប្រសាចហើយគេចខ្លួនអស់ទោះបីសមត្ថកិច្ចប្រើប្រាស់ដំបងឆក់គំរាមយ៉ាងណាក៏ពួកគេមិនខ្លាចដែរ នាំគ្នារត់ចេញដោយសុវត្ថិភាព បន្សល់ទុកមធ្យោបាយមួយចំនួនប៉ុណ្ណោះ។

ដោយឡែក០១ករណីទៀត នៅយប់ថ្ងៃដដែល គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បានចុះល្បាត និងធ្វើការត្រួតពិនិត្យតាមភោជនីយដ្ឋាន អាហារដ្ឋាន ក្នុងមូលដ្ឋានខណ្ឌ នឹងមានការសង្ស័យក៏បានចុះត្រួតពិនិត្យភោជនីយដ្ឋាន ដែលមានយីហោ ផាត ធី បានលួចបើកខារ៉ាអូខេច្រៀងផឹកស៊ីល្មើសនឹងបំរាមហាមឃាត់ របស់រដ្ឋបាលរាជធានីភ្នំពេញ និងបានបង្រ្កាបបិទអាជីវកម្ម ព្រមបានឃាត់មនុស្សចំនួន ៣២នាក់ ស្រី១៦នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការបន្ត។

មនុស្សទាំង៣២នាក់នេះផងដែរ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជូនធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ព្រែកព្នៅ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ