មេខ្យល់នាំមនុស្សឆ្លងដែនដោយខុសច្បាប់ ០២នាក់ ត្រូវបានសមត្ថកិច្ចនគរ​បាលឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមផ្លូវច្បាប់

ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១វេលា​ម៉ោ​ង​៥និង០៩នាទីល្ងាចអនុវត្តតាមយោបល់ដឹកនាំជា​ប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បងនៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃស្ថិតក្នុងភូមិសាស្ត្រ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅ​លូន ខេត្តបាត់ដំបង កម្លាំងនគរបាលនៃអធិការ​ដ្ឋាននគរបាលស្រុកសំពៅលូនដែលមានលោកវរសេនីយ៍ទោទឹមវិឆ័យជាអធិការនគរបាលស្រុ​ក​ដឹកនាំកម្លាំងនគរបាល សហការជាមួយកម្លាំងនគរ​បាលប៉ុស្តិ៍ការពារព្រំដែនគីឡូ១៣ នៃវរសេ​នា​តូចនគរបាលការពារព្រំដែនគោកលេខ​៨១៧​ដែលមានលោកវរសេនីយ៍ឯក ប្រាក់ សាយ ជា​មេបញ្ជាការ រួមជាមួយសមត្ថកិច្ចកងយោធពលខេមរភូមិន្ទប្រចាំការតាមមាត់អូរព្រំដែនចំណុចខាងលើ បានបង្ក្រាបករណី ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន(ចូលទៅក្នុងប្រទេសថៃ)ចំនួនមួយករណីដោយបានឃាត់ខ្លួនមនុស្សចំនួន១១នាក់ក្នុងនោះមានមនុ​ស្ស​ចំនួន០២នាក់ដែលជាមេខ្យល់ក្នុងការនាំ​ចេ​ញនេះ ។

១-ឈ្មោះ ឆង ប៉េងអាត ហៅ ប៉េង ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

២-ឈ្មោះ រួន ចាន់រ៉ា ហៅ រ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅស្នាក់បណ្ដោះអាសន្ន ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

នៅពេលឃាត់ខ្លួនភ្លាមៗសមត្ថកិច្ចនគរបាលបានធ្វើការសាកសួរស្រាវជ្រាវ រួចបញ្ជូនពលរដ្ឋចំនួន ០៩នាក់ទៅកាន់មណ្ឌលចត្តាឡីស័កកម្រិត​១នៅ​ស្រុកសំពៅលូន រីឯមុខសញ្ញាជាមេខ្យល់ទាំងពីរ​នាក់សមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់៕