ផលិតផលស្រាចិនសែ​(តាំងគួយ)ចំនួន ២,៣១៣​យួរ ត្រូវបានសាខាក.ប.ប​ខេត្តបន្ទាយមានជ័យ ធ្វើការបំផ្លាញចោល​

(បន្ទាយមានជ័យ​)÷​ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ​ក្លែង​បន្លំខេត្តបន្ទាយមានជ័យ (ក.ប.ប.) បានធ្វើពិធីបំផ្លាញចោលផលិតផលស្រា​ចិនសែ​យីហោ​ (តាំងគួយ) ក្នុងពិធីនោះដោយមានកាអញ្ជើញចូលរួមពីលោកស្រី​ រស់​ សុផានី​ អភិបាលរង​ខេត្ត​ តំណាំងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ​ អមដំណើដោយលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ​ លោក គាត​ ហ៊ុល​ អភិបាលក្រុងប៉ោយប៉ែត​ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ហៅក.ប.ប) និងមន្រ្តីជំនាញ​ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧​ ខែមិថុនា​ ឆ្នាំ​២០២១។

លោក សាន វិជ្ជាសារ៉ាវុធ បានអោយដឹងថា៖ ការរៀបចំពិធី បំផ្លាញចោល​ ផលិតផលស្រាចិនសែ​ (តាំងគួយ) ចំនួន ២,៣១៣​យួរ ស្មើ ២៧,៧៥៦ដប ដែលបានធ្វេីការដកហូតនៅតាមទីតាំង​លក់​ចែកចាយ ក្នុងភូមិសាស្ត្រ​ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ និងស្រុកម៉ាឡៃ ក្នុងកំឡុង ខែមិថុនា ឆ្នាំ២០២០​ ក្រោយពីមានករណីពុលស្រាយីហោ​(តាំងគួយ)​ ខាងលេីស្លាប់៧នាក់​ កាលពីកំឡុងខែមិថុនា​ ឆ្នាំ២០២០កន្លងទៅ។

លោកបានបញ្ជាក់ថា៖ ផលិផលដែលត្រូវបានបំផ្លាញ់ចោលត្រូវបានមន្ត្រីសាខា(ក.ប.ប)ខេត្តសហការជាមួយមន្រ្តីជំនាញនៅតាមបណ្តាក្រុង ស្រុកមួយចំនួន បានចុះពិនិត្យតាមទីផ្សារ ស្តង់ និងតូបលក់អីវ៉ាន់ នៅក្នុងខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះលោកស្រី រស់ សុផានី អភិបាលរងខេត្តបានមានប្រសាសន៍ធ្វើកោធសរសើរ និងគាំទ្រ ដល់មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ​ក្លែង​បន្លំខេត្តបន្ទាយមានជ័យ (ក.ប.ប.) ដែលបានសហការណ៍គ្នាជាមួយមន្រ្តីមានសមត្តកិច្ចក្នុងរយៈពេលកន្លងមក ដើម្បីចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ និងដកហូតគ្រឿងកំប៉ុងភេជ្ជៈ មានទឹកក្រូច ស្រាបៀរ និងគ្រឿងបរិភោគ ដែលហួសការបរិច្ឆេតនិងខូចគុណភាព ជាក់ស្តែងថ្ងៃនេះបានធ្វើការបំផ្លាញចោល​ ផលិតផលស្រាចិនសែ​(តាំងគួយ)នាពេលនេះ។

លោកស្រី រស់ សុផានី បានធ្វើការផ្តាំផ្ញើដល់សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ​ក្លែង​បន្លំខេត្តបន្ទាយមានជ័យ (ក.ប.ប.) និងមន្រ្តីជំនាញត្រូវបន្តរួមសហការណ៍គ្នា ដើម្បីចូលរួមបង្រ្កាប និងទប់ស្កាត់បទល្មើសផ្សេងៗដែលជាផលិតផលធ្វើអោយប៉ះសុខភាពបងប្អូនប្រជាពលរដ្ឋយើងក្នុងខេត្តបន្ទាយមានជ័យផងដែរ៕