ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញ

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំនៅកម្ពុជា លោកជំទាវ ត្យូ ឡេឆេង (Teo Lay Cheng) បានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋសិង្ហបុរី នៅតែគាំទ្រកិច្ចសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា ក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញ។ សិង្ហបុរីចង់រៀបចំពិព័រណ៍ទេសចរណ៍ជាមួយកម្ពុជា ក្នុងពេលសមស្របណាមួយ។

ការលើកឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីដែលទើបទទួលបេសកកម្មថ្មីរូបនេះ បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងសិង្ហបុរី ដែលបានធ្វើឱ្យកំណើនទេសចរទៅមកប្រទេសទាំងពីរមានការកើនឡើង នៅមុនពេលផ្ទុះជំងឺកូវីដ-១៩។ ប៉ុន្តែដោយសារជួបនូវវិបត្តិសកលនេះហើយ កំណើនទេសចរអន្តរជាតិនៅកម្ពុជាក៏មានការធ្លាក់ចុះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់ចេញ «ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩» ដើម្បីធ្វើជាត្រីវិស័យក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ជាតិកម្ពុជាឡើងវិញ ហើយកម្ពុជាក៏ត្រូវការកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសជាដៃគូ ក្នុងនោះក៏មានភាគីសិង្ហបុរីផងដែរ។

នៅពេលទទួលជ្រាបអំពីបញ្ហានេះហើយ លោកជំទាវ ត្យូ ឡេឆេង បានបង្ហាញការគាំទ្រ និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិនេះយ៉ាងខ្លាំង ដោយលោកជំទាវបានបញ្ជាក់ថា «រដ្ឋាភិបាលសាធារណរដ្ឋសិង្ហបុរី ក៏ដូចជាស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា នៅតែគាំទ្រកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ ក្នុងការអនុវត្តផែនការស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ និងនៅតែបន្តកិច្ចសហប្រតិបត្តិការផ្សេងទៀតជាមួយមិត្តកម្ពុជាផងដែរ»។

លោកជំទាវឯកអគ្គរដ្ឋទូតបានបន្តថា នៅពេលដែលវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាលទៅវិញ នឹងបង្កើនកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស ការបើកឱ្យមានចលនាទេសចរទៅមកប្រទេសទាំងពីរ ដែលគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ។

មិនតែប៉ុណ្ណោះ សាធារណរដ្ឋសិង្ហបុរីក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសកម្ពុជា ដែលត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២» និង «ព្រឹត្តិការណ៍កីឡាស៉ីហ្គេម ឆ្នាំ២០២៣» ផងដែរ។

លោកជំទាវ ត្យូ ឡេឆេង បានស្នើសុំកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ឬព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ នៅក្នុងពេលសមស្របណាមួយ ដែលស្របនឹងវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងគោលដៅរួមចំណែកស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៃប្រទេសមិត្តទាំងពីរឡើងវិញ។

ស្ថានទូតសិង្ហបុរីក៏បានបង្ហាញការគាំទ្រចំពោះការគិតគូរបស់ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាលកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្ត្រត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិទាំងឡាយណា ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួចហើយនោះ៕