ជនសង្ស័យ៨នាក់ត្រូវបានចាប់ខ្លួន ខណះជួញដូរគ្រឿងញៀនជាង៣៣គីឡូក្រាមនៅជាយដែនកម្ពុជាថៃ

ជនសង្ស័យ៨នាក់ត្រូវបាននរបាល ខេត្តបន្ទាយមានជ័យ និងនគរបាលខេត្តបាត់ដំបង សហការគ្នាឆ្មក់បង្រ្កាបឃាត់ខ្លួនបានជាបន្តបន្ទាប់ និង ដកហូតបានថ្នាំញៀនជាង30គីឡូក្រាម ខណះពួកគេកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ នៅក្រុងប៉ោយប៉ែត-ស្រុកម៉ាឡៃ ជាតំបន់ ជាប់ព្រំដែនកម្ពុជាថៃ ហើយក្រុុមជួញដូរទាំងនោះត្រូវបានបញ្ជូនទៅតុលានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។

ប្រតិបត្តិការនេះ ដឹកនាំចុះបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្តម កើត វណ្ណា រ៉េត ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសហការចុះអនុវត្តដីកាបញ្ជាអោយចូលខ្លួនលេខ លេខ១២ អ.យ.ក/០២១ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ចេញដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តបាត់ដំបង ។

លោកវរះសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ប្រតិបត្តិការនេះ មុនដំបូងសមត្ថកិច្ចយើងបានចុះបង្ក្រាបជនសង្ស័យបាន៤នាក់ និងដកហូតបានថ្នាំញៀន៣៣គីឡូក្រាម នៅក្នុងផ្ទះល្វែងមួយកន្លែង ផ្លូវទៅវត្តគោកស្បែង ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ រ៉ុង យ៉ីហាក់ ភេទប្រុសអាយុ៣៦ឆ្នាំ ២.ឈ្មោះ រ៉ុង គីមហ៊ាង ភេទប្រុសអាយុ៣៩ឆ្នាំជនសង្ស័យ២នាក់រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់.ក្រុងប៉ោយប៉ែត ៣.ឈ្មោះ សុខ សេថា ភេទប្រុសអាយុ២៣ឆ្នាំ ៤.ឈ្មោះ វ៉ាន់ ឈីដា ភេទស្រីអាយុ២៨ឆ្នាំ(ជនជាតិថៃ)។

ក្រៅពីនេះដកហូតបាន ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង និងសម្ភារ:កែឆ្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងរថយន្ត១គ្រឿងម៉ាកហាយលែនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C-3186 ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរ បាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា យោងចម្លើយសារភាពជនសង្ស័យទាំង៤ បានឲ្យដឹងថាថ្នាំញៀនទាំងនេះ ពួកគេទិញពីឈ្មោះ ឡេង គឹមឡាយ មានផ្ទះនៅស្រុកម៉ាឡៃ ហើយភ្លាមៗនោះលោកក៏បាន ដឹកនាំកម្លាំងចុះទៅឡោមព័ទ្ធផ្ទះជនសង្ស័យ ហើយក៏ឃាត់ខ្លួនបាន មនុស្សប្រុសស្រី៤នាក់បន្ថែមទៀត គឺ១/ឈ្មោះ គួន ស្រីឡាន់ ភេទស្រីអាយុ៣៣ឆ្នាំ ២/ឈ្មោះ សេង ស្រីនិ ភេទស្រីអាយុ២៣ឆ្នាំ ៣/ឈ្មោះ ឡុង សំរិទ្ធ ភេទប្រុសអាយុ៣០ឆ្នាំ ៤/ឈ្មោះ ហែម វ៉ាន់លី ភេទប្រុសនិងដកហូតបានថ្នាំញៀនរួមជាមួយវត្ថុតាមមួយចំនួន ដោយឡែក ជនសង្ស័យ ឡេង គឹមឡាយ បានរត់គេចខ្លួនបាត់។បច្ចុប្បន្នជនសង្ស័យនិងវត្ថតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

គួរបញ្ជាក់ថា ប្រត្តបត្តិការបង្រ្ក្តាបនេះមុនដំបូងនគរបាលខេត្តបន្ទាយមានជ័យនិងនគរបាលខេត្តបាត់ដំបង សហការណ៍គ្នាចុះស្រាវជ្រាវចាប់ជនសង្ស័យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកគេស្លាប់នៅបាត់ដំបង បន្ទាប់មកជនបង្កមកលាក់ខ្លួននៅប៉ោយប៉ែត បែជាប៉ះក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញឿនទ្រង់ទ្រាយធំទៅវិញ៕