ទិន្នន័យរបស់អតិថិជនមកពីក្រុមហ៊ុនផលិតឡាន Audi និង Volkswagen កំពុងត្រូវបានដាក់លក់

ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបានរកឃើញថា ទិន្នន័យរបស់អតិថិជនរាប់លាននាក់មកពីក្រុមហ៊ុនផលិតឡាន Audi និង Volkswagen ត្រូវបានពួកក្រុមអ្នកវាយប្រហារកំពុងតែដាក់លក់នៅក្នុងវេទិកាដ៏ពេញនិយមមួយរបស់ពួកគេ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុន Volkswagen បានផ្សព្វផ្សាយពីការលួចទាញយកទិន្នន័យចំនួនប្រមាណ ៣.៣លាននាក់ ពីក្រុមហ៊ុនដៃគូមួយរបស់ពួកគេ។ ទិន្នន័យដែលក្រុមជនអនាមិកបានលួចយកនោះ ភាគច្រើនមានដូចជា អុីមែល លេខសំគាល់រថយន្ត ឈ្មោះ លេខប័ណ្ណបើកបរអាសយដ្ឋាន និងលេខទូរសព្ទរបស់អតិថិជន។ ប៉ុន្តែចំពោះអតិថិជនចំនួន ៩ម៉ឺននាក់ ព័ត៌មានសំខាន់ៗរបស់ពួកគេមានដូចជា លេខអត្តសញ្ញាណប័ណ្ណ ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានទាក់ទងនឹងការទិញឬជួលរថយន្តក៏អាចត្រូវបានទាញយកផងដែរ។

ក្រុមអ្នកវាយប្រហារដែលអះអាងថា ពួកគេមានគ្នា ២ នាក់ និងបានដាក់លក់ទិន្នន័យទាំងអស់នេះក្នុងតម្លៃពី ៤០០០ ទៅ ៥០០០ ដុល្លារ។ គួរបញ្ជាក់ផងដែរថា ការវាយប្រហារនេះគឺមានការប៉ះពាល់សម្រាប់តែអតិថិជននៅសហរដ្ឋអាមេរិក និងកាណាដាតែប៉ុណ្ណោះ ហើយបច្ចុប្បន្នក្រុមហ៊ុនបានធ្វើការទំនាក់ទំនងទៅអតិថិជនទាំងនោះ ដើម្បីឱ្យមានការប្រុងប្រយ័ត្ន ព្រោះជនខិលខូចអាចប្រើទិន្នន័យទាំងនេះដើម្បីធ្វើការបោកបញ្ឆោតផ្សេងៗ៕

ប្រភពព័ត៌មាន