ឃាត់ខ្លួនបុរសម្នាក់ ករណីប៉ុនប៉ងឃាតកម្មលើម្តាយបង្កើតខ្លួនឯង

ខេត្តតាកែវ៖ នៅថ្ងៃសុក្រ ០៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១ និង១០នាទី មានករណីប៉ុនប៉ងឃាតកម្មមួយកើតឡើងនៅភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យ០១នាក់ ឈ្មោះ រី ខុម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ បានធ្វើសកម្មភាពប្រដាប់ដោយកាំបិត កាប់ទៅលើជនរងគ្រោះឈ្មោះ សុត ទូច ភេទស្រី អាយុ៦២ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យបណ្តាលឱ្យរងរបួស ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ មូលហេតុ ដោយសារជនសង្ស័យខឹងម្តាយស្តីបន្ទោស និងជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕