ឪពុកម្តាយតក់ស្លុតយ៉ាងណានៅឯថៃពេលដឹងថាកូនជាទីស្រឡាញ់លង់ទឹកស្លាប់

(បន្ទាយមានជ័យ)÷ ក្មេងស្រី២នាក់ បានបាត់បង់ជីវិតដោយសារតែតាមយាយទៅស្រែ ហើយសុំយាយត្រឡប់មកផ្ទះមុន បែរជានាំគ្នាងូតទឹកប្រឡាយលេងបណ្តាលអោយលង់ទឹកស្លាប់ទាំង២នាក់យ៉ាងអណោច អធម៍ នៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី ១៩ខែមិថុនា ឆ្នាំ២០២១ នៅចំណុចប្រឡាយទឹកវាលក្បាលគោចម្ងាយ២.៥០០ម៉ែត្រពីភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

យោងតាមប្រភពព័ត៌មានរបស់នគរបាលប៉ុស្តិ៍ឃុំសូភីបានឲ្យដឹងថា៖ កុមារីរងគ្រោះទាំង២នាក់ ១,ឈ្មោះវឿត យ៉ុង អាយុ៧ឆ្នាំភេទស្រី រស់នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ២,ឈ្មោះ សៅ លីយ៉ាន អាយុ ៦ឆ្នាំភេទស្រី នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្មេងទាំង២នាក់នេះជាបងប្អូនជីដូនមួយនឹងគ្នា ហើយឪពុកម្តាយទៅធ្វើការនៅប្រទេសថៃទាំងអស់គ្នាទុកកូនឲ្យនៅជាមួយដីដូន ឈ្មោះ អៀន រ៉េត អាយុ៥២ឆ្នាំ នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕