សូមមេត្តាកុំមើលរំលងការរាគរូសរ៉ាំរ៉ៃ វាអាចជាផលរំខានក្នុងជីវិតរស់នៅប្រចាំថ្ងៃ

ការរាគរ៉ាំរ៉ៃ ជាបញ្ហាមួយដែលក្រុមវេជ្ជបណ្ឌិតយើងតែងតែបានជួបប្រទះជាញឹកញាប់។ និយមន័យពិតប្រាកដនៃការរាគរ៉ាំរ៉ៃនេះ គឺជាការរាគដោយលាមកមានសភាពជ្រាយ (Semi liquide) ឬក៏ទឹកសុទ្ធ (liquide) ដែលមានរយៈពេលលើសពី២១ថ្ងៃឡើងទៅ ។

ក) មូលហេតុ ៖
កត្តាបង្កឲ្យមានការរាគរ៉ាំរ៉ៃគឺមានច្រើន ហើយពេលខ្លះគឺតម្រូវអោយមានការពិនិត្យ និងតាមដានដោយយកចិត្តទុកដាក់ ក៏ដូចជាបច្ចេកទេសវេជ្ជសាស្រ្តលក្ខណៈឯកទេសផងដែរដូចជាៈ
– ជំងឺរលាកពោះវៀនធំដោយមេរោគឆ្លង (colite infectieuse) ក្នុងនោះក៏មានជំងឺរបេងពោះវៀនធំផងដែរ ។
– ជំងឺរលាកពោះវៀនធំដោយគ្មានមេរោគឆ្លង (colite inflamatoire ou MICI) ។
– ជំងឺខ្សោយពោះវៀន ឬពោះវៀនដើរខុសធម្មតា (troubles fonctionnels intestinaux form diarrhée) ។
– មានដុំសាច់ដុះនៅក្នុងពោះវៀនធំ (មហារីកពោះវៀនធំ) ។
– ជំងឺឡើងជាតិពុលនៃក្រពេញបំពង់ក (hyperthyroidie) ។
– ជំងឺរាគនៅលើអ្នកជំងឺអេដស៍ ដែលភាគច្រើនជាងគេនោះគឺបង្កឡើងដោយពពួកផ្សិតនៅពោះវៀនធំ ។
– ពពួកប៉ារ៉ាស៊ីត (ព្រូន តេនញ៉ា អាមីប ជាដើម។ល។) ។
– វាក៏អាចបណ្តាលមកពីការពិសារឱសថមួយចំនួនផងដែរ (ជាពិសេសប្រភេទថ្នាំព្យាបាលជំងឺទឹកនោមផ្អែម។ល។) ។

ខ) រោគសញ្ញា៖
រោគសញ្ញាដែលអាចមានអមមកជាមួយការរាគរូសរ៉ាំរ៉ៃមានៈ
– ក្តៅខ្លួន រងារញាក់
– ឈឺចុកចាប់ក្នុងពោះ
– លាមកមានលាយឈាម សំបោរ ឬខ្ទុះ
– ស្រកទម្ងន់លឿន និងខុសពីធម្មតា
– អស់កម្លាំង ល្ហិតល្ហៃ
– ស្លេកស្លាំង ចុះឬបាត់គ្រាប់ឈាមក្រហម
– មានដុំពោះ ដែលយើងអាចស្ទាបទៅប៉ះ
– ការខ្វះ ឬខ្សោះជាតិទឹក គឺយើងកម្រនឹងកើតមានណាស់ចំពោះការរាគរូសរ៉ាំរ៉ៃនេះ។ល។

គ) ការធ្វើរោគវិនិច្ឆ័យ៖
ការរាគរ៉ាំរ៉ៃ យើងអាចធ្វើរោគវិនិច្ឆ័យតាមរយៈ៖
– ការសាកសួរដោយលំអិតអំពីប្រវិត្តិជំងឺ និងរោគសញ្ញាផ្សេងៗដែលអមជាមួយជំងឺ
– ការពិនិត្យឈាម និងលាមក
– ការពិនិត្យអេកូពោះ ឬក៏ការថតស្គេនពោះ (CT-Scan)
– ការបណ្ដុះមេរោគក្នុងលាមក (coproculture)
– ការឆ្លុះសុងមើលពោះវៀនធំ និងការវិភាគកោសិការបស់ពោះវៀនធំ (Coloscopie totale avec biopsie et anapath) គឺជាវិធីតែមួយគាត់សំរាប់ធ្វើរោគវិនិឆ្ឆ័យបានយ៉ាងល្អប្រសើរ ចំពោះករណីរាគរ៉ាំរ៉ៃនេះ។

ឃ) ការព្យាបាល៖
ចូលចងចាំដែរថា ការរាគរូសរ៉ាំរ៉ៃនេះវាមិនមែនជាជំងឺនោះទេ វាគឺជារោគសញ្ញាដែលបង្កឡើងដោយជំងឺ និងមូលហេតុដូចដែលបានជម្រាបជូនពីខាងលើ។ ដូច្នេះហើយចំពោះការព្យាបាល គឺតម្រូវឲ្យយើងដឹងមូលហេតុពិតប្រាកដថាមកពីអ្វី ហើយការព្យាបាលឲ្យចំមូលហេតុទាំងនោះហើយ ទើបជាការព្យាបាលត្រឹមត្រូវតាមបច្ចេកទេស និងមានប្រសិទ្ធភាពខ្ពស់បំផុត។

“អ្នកជំងឺដែលមានរោគសញ្ញាដូចការរៀបរាប់ខាងលើ គួរគប្បីជួបពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស និងជំនាញផ្នែក ថ្លើម-ក្រពះ-ពោះវៀន នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បទទួលបានរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលនូវសេវាព្យាបាលអោយបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។” ៕

ប្រភព÷ មន្ទីរពេទ្យកាល់ម៉ែត