ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនដោយសង្ស័យប៉ុនប៉ងឃាតកម្ម ប្រើអាវុធខ្លីបាញ់អតីតប្រពន្ធខ្លួនឯង បណ្តាលអោយរងរបួសធ្ងន់ធ្ងរ

ផ្អែកតាមរបាយការណ៍បឋមពីស្នងការដ្ឋាននគរបាកខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង៤០នាទី កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីផ្ទុះអាវុធ នៅចំណុចក្រុមទី២៧ ភូមិ២ សង្កាត់៤ ខេត្ត-ក្រុងព្រះសីហនុ បង្កដោយជនសង្ស័យជាប្តីបានប្រើអាវុធខ្លី បាញ់ទៅអតីតប្រពន្ធ បណ្តាលឲ្យត្រូវ១គ្រាប់ ចំទ្រូងខាងឆ្វេងរបួសធ្ងន់ ហើយជនសង្ស័យរត់គេចខ្លួនបាត់ ។

ដោយមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៏ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍នគរសង្កាត់លេខ ៤ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ រួចធ្វើការហុំព័ទ្ធបរិវេណគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះដែលជនសង្ស័យសម្ងំលាក់ខ្លួន និងធ្វើការស្វែងរកជនសង្ស័យយ៉ាងចិត្តទុកដាក់ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទីព្រឹក សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យនៅចំណុចអគារក្នុងព្រៃមួយកន្លែងក្បែរផ្ទះជនរងគ្រោះ ហើយបន្តស្វែងរកវត្ថុតាងអាវុធខ្លីដែលជនសង្ស័យបានបោះចោលពេលធ្វើសកម្មភាពរួច និងបានរកឃើញនៅចំណុចគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះ រួចបាននាំជនសង្ស័យ និងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី ។

ជនរងគ្រោះឈ្មោះ ផង់ សុភាព ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅក្រុមទី ២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (បច្ចុប្បន្នកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ)។  រងរបួសៈ ត្រូវ១គ្រាប់ ចំទ្រូងខាងឆ្វេងរបួសធ្ងន់ ។ ជនសង្ស័យឈ្មោះ ជា សុវណ្ណារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី ២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ វត្ថុតាងចាប់យកបានរួមមាន៖

កាំភ្លើងខ្លី១ដើមម៉ាក K54 ពណ៌ខ្មៅ ឈូសលេខ បង់១ និង៦គ្រាប់ ។

បច្ចុប្បន្នក ម្លាំងជំនាញបាននិងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕