មនុស្ស៤នាក់បាន ស្លាប់ជាបន្តបន្ទាប់ សង្ស័យពុលស្រាស ស្រាថ្នាំនៅខេត្តព្រៃវែង 

លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានអោយដឹងនៅព្រឹកថ្ងៃទី២០មិថុនាថា ករណីសង្ស័យពុលស្រាសស្រាថ្នាំ បណ្តាលអោយស្លាប់បាត់បង់ជីវិតរហូតដល់៤នាក់ កើតឡើងនៅក្នុងភូមិយោត ឃុំមេសរប្រចណ្ឌ័ ស្រុកពារាំង ខេត្តព្រៃវែង ។

កាលពីថ្ងៃទី១៩មិថុនា ដោយជនរងគ្រោះទី១ឈ្មោះ ឆួន ពៅ ភេទប្រុស អាយុ៥៣ឆ្នាំ ទី២ឈ្មោះ សឺន ផន ភេទប្រុស អាយុ៣១ឆ្នាំ ទី៣ឈ្មោះ ចយ ភេទប្រុស អាយុ៤៥ឆ្នាំ និងទី៤ឈ្មោះ ហ៊ាន ណេន ភេទប្រុស អាយុ៤៧ឆ្នាំ។

លោក ហ៊ី ធួក បានបន្តទៀតថា ក្នុងចំណោមជនរងគ្រោះទាំងអស់ គឺមានជនរងគ្រោះម្នាក់បានស្លាប់ពេលក្រុមគ្រួសារបញ្ជូនមកដល់មន្ទីរពេទ្យ ចំណែកជនរងគ្រោះ៣នាក់ផ្សេងទៀត គឺបានស្លាប់បាត់បង់ជីវិតនៅនឹងផ្ទះរបស់ពួកគាត់ ហើយចំពោះមូលហេតុនៃការស្លាប់របស់ជនរងគ្រោះទាំង៤នាក់ខាងលើនេះ ទាំងសមត្ថកិច្ចនិងមន្រ្តីជំនាញសុខាភិបាល កំពុងតែចុះស្រាវជ្រាវ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ គឺគ្រាន់តែសង្ស័យថា ជាករណីពុលស្រា ដោយសារមុនស្លាប់ជនរងគ្រោះទាំងអស់សុទ្ធតែបានផឹកស្រាសស្រាថ្នាំដូចគ្នា។

លោកអភិបាលស្រុកបានបញ្ជាក់ថា ពេលនេះទីតាំងផលិតស្រាស និងលក់ស្រាសស្រាថ្នាំទាំងអស់ក្នុងតំបន់នោះ ត្រូវបានបិទអស់ហើយ ហើយមន្រ្តីជំនាញសុខាភិបាល ក៏បានប្រមូលយកសំណាកគំរូស្រាសស្រាថ្នាំដែលជនរងគ្រោះបានផឹក យកទៅពិនិត្យរួចហើយដែរ ដូច្នេះនៅពេលដែលលទ្ធផលចេញមក យើងនិងដឹងច្បាស់ថា ជនរងគ្រោះទាំង៤នាក់នេះ គឺស្លាប់ដោយសារមូលហេតុអ្វីហើយ។

ដោយឡែកលោកវិជ្ជបណ្ឌិត ហួត កណ្យាល ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុកពារាំងបានអោយដឹងនៅរសៀលថ្ងៃទី២០មិថុនានេះថា ចំពោះជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅភូមិយោត ឃុំមេសរប្រចណ្ឌ័នោះ ក្រុមគ្រូពេទ្យជំនាញរបស់លោកបានចុះទៅពិនិត្យរួចហើយ ដំបូងគឺពិនិត្យរកមេរោគកូវីដ១៩ ដើម្បីកុំអោយប្រជាពលរដ្ឋនៅតំបន់នោះមានការព្រួយបារម្មណ៌ ហើយលទ្ធផល គឺជនរងគ្រោះអវិជ្ជមានទាំងអស់។ ជាមួយគ្នានោះដែរ ក្រុមគ្រូពេទ្យក៏បានយកសំណាកស្រា ដែលជនរងគ្រោះបានផឹក បញ្ជូនទៅពិនិត្យនៅក្នុងមន្ទីរពិសោធន៌ឯរាជធានីភ្នំពេញផងដែរ ដើម្បីបញ្ជាក់អោយច្បាស់ថា តើជនរងគ្រោះពិតជាស្លាប់ដោយសារពុលស្រា មែនឬមិនមែន? ប៉ុន្តែពេលនេះ លទ្ធផលពិនិត្យមិនទាន់ចេញនៅឡើយទេ៕

ប្រភព៖ ផេករដ្ឋមន្ត្រីក្រសួងព័ត៌មាន