សមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួនបុរសម្នាក់ ករណីលួចរថយន្ត

ខេត្តព្រះសីហនុ៖ នៅថ្ងៃអាទិត្យ ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបករណី អំពើចោរកម្ម (លួចរថយន្ត) មួយករណី ។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ១៦ និង ១០នាទី នៅចំណុចមុខសណ្ឋាគារ និងកាស៊ីណូ ហ្គោលឌិនស៊ី ស្ថិតនៅ ភូមិ៣ សង្កាត់៣ ខេត្តព្រះសីហនុ ។ ជនសង្សយ័ បានធ្វើសកម្មភាព លួចរថយន្ត ០១គ្រឿង ម៉ាក LEXUS RX330 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AJ-7975 ពេលដែលជនរងគ្រោះជាជនជាតិចិន ភេទប្រុស ចតទុកនៅមុខសណ្ឋាគារ និងកាស៊ីណូ ហ្គោលឌិនស៊ី ដោយមិនបានដកកូនសោររថយន្តចេញ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក៏បានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្ទាក់ចាប់បានជនសង្ស័យដែលកំពុងជិះរថយន្តខាងលើគេចខ្លួន តាមផ្លូវជាតិលេខ៤ ស្ថិតនៅ ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ម្ចាស់រថយន្តឈ្មោះ YE YUANFU ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន មុខរបរ បើកហាងបញ្ចាំ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារបាត់បង់៖

-រថយន្ត ០១គ្រឿង ម៉ាក LEXUS RX330 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AJ-7975 មានលេខម៉ាស៊ីនៈ 2GR0006875 និងលេខតួៈ 2T2GK31U68C027776

-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ ប្រផេះ (នៅក្នុងរថយន្ត) ។

-លិខិតឆ្លងដែន ០១ក្បាល (នៅក្នុងរថយន្ត) ។

-អីវ៉ាន់វេចខ្ចប់ក្នុងថង់ និងកេសក្រដាសមួយចំនួន (នៅក្នុងរថយន្ត) ។

ជនសង្ស័យឈ្មោះ សុវណ្ណ ឌី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងចាប់យកបាន៖

-រថយន្ត ០១គ្រឿង ម៉ាក LEXUS RX330 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AJ-7975 មានលេខម៉ាស៊ីនៈ 2GR0006875 និងលេខតួៈ 2T2GK31U68C027776 (ផលនៃអំពើលួច) ។

-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ ប្រផេះ (ផលនៃអំពើលួច) ។

-លិខិតឆ្លងដែន ០១ក្បាល (ផលនៃអំពើលួច) ។

-ឥវ៉ាន់វេចខ្ចប់ក្នុងថង់ និងកេសក្រដាសមួយចំនួន (ផលនៃអំពើលួច) ។

ជនសង្ស័យខាងលើ នគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕