ជនសង្ស័យ ០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង ៣០ នាទី។ ទីកន្លែងកើតហេតុខ្នងប្រឡាយតាហោ ភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ជនរងគ្រោះឈ្មោះ ឡេង សាម៉ុន ភេទប្រុស អាយុ៦៥ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យ០២ នាក់ប្រុស÷

១-ឈ្មោះ ចាន់ សីហា ហៅឆែប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។

២-ឈ្មោះ ខេង ភារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។ វត្ថុតាងបាត់បង់៖

-ម៉ាស៊ីនសាំងសម្រាប់បូមទឹកចំនួន០១គ្រឿង។

វត្ថុតាងចាប់យក៖ ម៉ាស៊ីនសាំងសម្រាប់បូមទឹកចំនួន០១គ្រឿងនិង កន្ត្រៃដងជ័រពណ៌ទឹកក្រូចចំនួន០១ ។

សភាពរឿងហេតុ÷ នៅមុនពេលកើតហេតុជនរងគ្រោះបានយកម៉ាស៊ីនសាំងទៅដាក់នៅចំណុចកើតហេតុដើម្បីបូមទឹកដាក់ស្រែ។ រហូតដល់ម៉ោង១៤និង២០នាទីជនរងគ្រោះបានយកសាំងទៅចាក់ថែមក្នុងម៉ាស៊ីនដើម្បីបូមទឹកបន្តរហូតដល់យប់។ លុះដល់ម៉ោងប្រហែល១៥និង៥០នាទី ទើបជនរងគ្រោះបានទទួលព័ត៌មានថាកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ក្រាំងម្កាក់ បានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធនឹងអំពើលួចម៉ាស៊ីន ដោយឮដូចនោះជនរងគ្រោះក៏ទៅមើលម៉ាស៊ីនរបស់ខ្លួន​មិនឃើញ ទើបទៅមើលនៅប៉ុស្ដិ៍ក្រាំងម្កាក់ ក៏ឃើញម៉ាស៊ីនដែលជនសង្ស័យលួចបាននោះជារបស់ខ្លួនបាត់ ហើយជនរងគ្រោះក៏ដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលតែម្ដង។

ជនសង្ស័យឈ្មោះខេង ភារ៉ា បានសារភាពថា៖ ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពលួចយកម៉ាស៊ីនរបស់ជនរងគ្រោះដើម្បីយកទៅលក់បានលុយទិញថ្នាំញៀនជក់។

ចំពោះជនសង្ស័យទាំងពីរនាក់ខាងលើជាមុខសញ្ញាលួចសកម្ម។

ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕