វិធីសាស្ត្រក្នុងការតាមដាន និងព្យាបាលដុំពកសាច់ក្នុងថង់ទឹកប្រមាត់ ( Polypes vésiculaire)

ថង់ទឹកប្រមាត់ (Vésicule biliaire ) គឺជាផ្នែកមួយនៃប្រព័ន្ធទឹកប្រមាត់ ដែលស្ថិតនៅជាប់ក្រោមថ្លើម ហើយស្ថិតនៅក្រោមឆ្អឹងជំនីផ្នែកខាងស្តាំ។ វាមានតួនាទីស្តុកទឹកប្រមាត់ ដែលផលិតដោយថ្លើម និងត្រូវបញ្ចេញវិញចូលក្នុងពោះវៀនតូចដើម្បីរំលាយអាហារ ជាពិសេសពេលដែលយើងបរិភោគជាតិខ្លាញ់។

ដុំពកសាច់ក្នុងថង់ទឹកប្រមាត់ (Polypes vésiculaire) គឺជាដុំពកមួយដែលកើតលើជញ្ជាំងផ្នែកខាងក្នុងនៃថង់ទឹកប្រមាត់ (la lumière de la vésicule biliaire) ដុំពកសាច់នេះភាគច្រើនគឺជាដុំស្លូត (bénins) តែអាចវិវត្តទៅជាមហារីក (Malins) ក្នុងករណីដែលដុំមានទំហំធំចាប់ពី 10mm ឡើងទៅ។ ដុំសាច់នេះជាង 60% កើតចេញពីការកកនៃសារធាតុ កូឡេស្តេរ៉ុល ដែលជាធាតុផ្សំមួយរបស់ទឹកប្រមាត់ (Polypes cholestérolique)។

១) រោគសញ្ញា៖

ជាង 80% នៃអ្នកជំងឺដែលមានដុំពកសាច់ក្នុងថង់ទឹកប្រមាត់ ពុំមានរោគសញ្ញាទេ តែវាអាចចេញជារោគសញ្ញាក្នុងករណីដែលដុំពកសាច់រលាក (Polypes inflamatoire) ឬក៏ដុំពកសាច់មានលាយឡំជាមួយដុំគ្រួសក្នុងថង់ទឹកប្រមាត់ ( Polypes associés à des calculs vésiculaire )។

រោគសញ្ញាទាំងនោះរួមមាន៖

– ឈឺចាប់នៅចុងដង្ហើម ឬ ក្រោមឆ្អឹងជំនីផ្នែកខាងស្តាំ ចាក់មកឆ្អឹងស្លាបប្រជៀវផ្នែកខាងស្តាំ

– មានក្តៅខ្លួនស្រាវស្រាញ ពេលខ្លះអាចមានក្អួតរឺចង្អោរផងដែរ

២) ការធ្វើរោគវិនិច្ឆ័យ៖

ភាគច្រើននៃដុំពកសាច់ក្នុងថង់ទឹកប្រមាត់ (Polypes vésiculaire) ការធ្វើរោគវិនិច្ឆ័យ គឺរកឃើញដោយចៃដន្យតាមរយៈការធ្វើអេកូពោះ ( Echographie abdominale)។

៣) វិធីសាស្ត្រក្នងការតាមដាន និងព្យាបាល៖

ដុំពកសាច់ក្នុងថង់ទឹកប្រមាត់ ( Polypes vésiculaire) ដែលមាន៖

– ទំហំតូចជាង 5mm យើងគួរតាមដានតាមរយៈអេកូអោយបានទៀងទាត់ រៀងរាល់ ៦ខែម្តង។

– ទំហំចន្លោះពី 6mm ទៅ 9mm ត្រូវតាមដានតាមរយៈអេកូអោយបានទៀងទាត់ និងញឹកញាប់ផងដែរ រៀងរាល់ ៣ខែម្តង។

– ទំហំចាប់ពី 10mm ឡើងទៅ ហើយប្រមាត់ឡើងក្រាស់ ឬមានរួមជាមួយដុំគ្រួស ចាំបាច់ត្រូវះកាត់ថង់ទឹកប្រមាត់ចេញ (Cholécystectomie prophylaxie) ព្រោះអាចវិវត្តទៅជារលាកថង់ទឹកប្រមាត់ (Cholécystite) ឬមហារីកថង់ទឹកប្រមាត់ធ្ងន់ធ្ងរ (Cancer Vésiculaire)។

ការវះកាត់ថង់ទឹកប្រមាត់ដោយវិធីចោះ ( Cholécystectomie coelioscopique) គឺជាការវះកាត់ដែលមានគុណភាពខ្ពស់ មុខរបួសតូច មិនមានការឈឺចាប់ សម្រាកពេទ្យរយៈពេលតិច ឆាប់ប្រកបមុខរបរការងារធម្មតាវិញ។ ទាំងនេះគឺមាននៅមន្ទីរពេទ្យកាល់ម៉ែត ដែលពោរពេញទៅដោយឧបករណ៍ទំនើបៗ ដើម្បីធានាបានសុវត្ថិភាពជូនអ្នកជំងឺ។

“សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីយល់ដឹងបន្ថែមពីការតាមដាន និងព្យាបាលជំងឺដុំពកសាច់ក្នុងថង់ទឹកប្រមាត់”៕

ប្រភព÷ មន្ទីរពេទ្យកាល់ម៉ែត