សមត្ថកិច្ចថៃឃាត់ខ្លួនជនជាតិថៃ ០៩នាក់ លួចឆ្លងចូលកម្ពុជា និងប្រជាជនខ្មែរ ៦នាក់ លួចឆ្លងដែនចូលទៅថៃ

សមត្ថកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជាបានអោយដឹងថា ទាហានស្រុកតាប្រាយ៉ា បានចាប់ឃុំខ្លួនក្រុមជនជាតិថៃដែលមានបំណងលួចឆ្លងដែនចូលមកធ្វើការនៅកាស៊ីណូប៉ោយប៉ែតចំនួន៩នាក់និងចាប់ពលករខ្មែរលួចឆ្លងដែនចូលប្រទេសថៃ៦នាក់ផងដែរ ។

សមត្ថកិច្ចតាមបន្ទាត់ព្រំដែនបានបញ្ជាក់ថា កាលពីរវេលាម៉ោង១១និង១២នាទីយប់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១ នេះ សមត្ថកិច្ចថៃ បានចាប់ឃុំខ្លួនជនជាតិថៃ៩នាក់ ក្នុងនោះប្រុស៣នាក់ និងស្រី៦នាក់ កំពងុលួចឆ្លងដែនមកខាងប្រទេសកម្ពុជា ។

បន្ទាប់ពីសមត្ថកិច្ចសួរនាំពួកគេឲ្យដឹងថា ជនជាតិថៃទាំងនេះ បានទទួលការណែនាំពីមិត្តភ័ក្តដែលធ្វើការនៅក្រុមហ៊ុនកាស៊ីណូនៅប៉ោយប៉ែតឲ្យមកធ្វើការនៅទីនោះ ដោយទទួលបាន ប្រាក់ខែក្នុង១ខែ ចំនួន២១.០០០បាត និងធ្វើការមានកំណត់៦ខែ ហើយការធ្វើដំណើរក្រុមហ៊ុនជាអ្នកចំណាយលុយអ្នកទាំងអស់ ពួកគេបានធ្វើការទំនាក់ទំនងគ្នាតាមផេក ហើយថានឹងមានរថយន្តមកទទួលនៅអារញ្ញនិងដឹកទៅស្នាក់នៅបរិវេណព្រៃម្ខាងវត្ត ណងយ៉ាកែវ នៅម៉ោង០៧ នឹង២៤នាទីយប់ រហូតដល់ម៉ោង២២នឹង៣០នាទីយប់ទើបផ្ដើមចេញដំណើរពីបរិវេណវត្តខាងលើ រហូតដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។

បន្ទាប់ពីចាប់ខ្លួនជនជាតិថៃរួចមក នូវវេលាម៉ោង១រំលងអាធ្រាត ឈានចូលព្រឹកថ្ងៃទី២១ មិថុនា ២០២១ សមត្ថកិច្ចស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បានចាប់ឃាត់ខ្លួនពលករខ្មែរចំនួន៦នាក់ ដែលលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ ក្នុងនោះប្រុស៥នាក់ និងស្រីម្នាក់ នៅបរិវេណចំការដំឡូង ក្រោយភូមិទព័សៀម ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ដោយមានមេខ្យល់ជនជាតិខ្មែរមិនស្គាល់ឈ្មោះជាអ្នកនាំផ្លូវ ដើរមកពីប្រទេសកម្ពុជា ដោយចំណាយលុយក្នុងម្នាក់៦.០០០បាត និងចង់ទៅធ្វើការនៅខេត្ត នន់ថះបុរី ខាងផ្នែកសំណង់។

សមត្ថកិច្ចខាងលើបញ្ជាក់ថាចំពោះជនជាតិថៃទាំង៩នាក់ដែលត្រូវចាប់ខ្លួន បានបញ្ជូនទៅសមត្ថកិច្ចជំនាញស្រុកគោកឃ្យូង ដើម្បីចាត់ការតាមច្បាប់ ដោយឡែកពលរដ្ឋខ្មែរ៦នាក់ទៀត ក្រោយធ្វើកំណត់ហេតុឃាត់ខ្លួនហើយ សមត្ថកិច្ចនឹងធ្វើការបញ្ជូនមកកម្ពុជាវិញ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ