កម្ពុជា​នឹង​ចាប់​ផ្តើម​ប្រើ​សុនខ​ស្រាវជ្រាវ​រក​មេរោគ​កូ​វីដ-​១៩ ​នៅ​ពាក់កណ្តាល​ខែក្រោយ​នេះ​

ភ្នំពេញ៖ ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ​នឹង​ចាប់ផ្តើម​ប្រើប្រាស់​សុនខ (​ឆ្កែ​) ដើម្បី​ស្រាវជ្រាវ ​និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​ នៅ​ពាក់​កណ្តាល​ខែក្រោយ​នេះ ​ខណៈ​សុនខ​ទាំងនេះ ត្រូវ​បាន​បង្ហាត់ រួចរាល់​ហើយ​ ដោយ​មន្ត្រី​ជំនាញCMAC ។

ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​ប្រាប់​BTV ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា នេះ​ថា ​សុនខ ​ចំនួន​១០​ក្បាល ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បីស្រាវ ជ្រាវ ​និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-​១៩​ នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ​មន្ត្រី​ស៊ីម៉ាក់ ​និង​ក្រសួងសុខាភិបាល​រំពឹងទុក​ថា ​ប្រតិបត្តិការ​ប្រើប្រាស់​សុ​នខ​នេះ​ នឹង​ទទួល​បាន​គុណ​ប្រយោជន៍ខ្ពស់​។

ឯកឧត្តម ហេង រតនា ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​សុនខ​ទាំង​១០​ក្បាល​នេះ ​ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​បង្វឹក​ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​នោះ​ នឹង​ត្រូវ​បែងចែក​ជា​ពីរ​ក្រុម ​និង​នៅ​រង់​ចាំតែ​សម្ភារ បន្ថែម​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​តែប៉ុណ្ណោះ​។

ឯកឧត្តម ហេង រតនា ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា​ ក្នុងអំឡុងពេល​ហ្វឹកហាត់​សុនខ​ប៉ុន្មាន​ខែ​មកនេះ ក្រុមមន្ត្រី​ជំនាញ ពុំ​មាន​បញ្ហាលំបាក​អ្វី​នោះឡើយ ដោយ​អ្នក​ជំនាញ​របស់ CMAC មាន​ទំនុក​ចិត្ត​ខ្ពស់ ព្រោះនៅ​ប្រទេស​ផ្សេង ​ក៏បាន​ប្រើប្រាស់​រួចហើយ ដូចជា ប្រទេស​អាល្លឺម៉ង់ រុស្ស៊ី និង​ប្រទេស​មួយចំនួនទៀត​៕