CAMSOC ត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពីធីសម្តែង-ទទួលទង់ស៊ីហ្គេម

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីសម្តែង និងទទួលទង់ ស៊ីហ្គេម ពីពិធីបិទរបស់ម្ចាស់ផ្ទះស៊ីហ្គេម ចុងឆ្នាំ២០២១ មកស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលការត្រួតពិនិត្យវឌ្ឍនភាពការងារនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំដោយផ្ទាល់ និងអនឡាញ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំនេះថា កម្ពុជាយើងបានត្រៀមនូវផែនការលម្អិតនៃការសម្តែង និងការទទួលទង់ស៊ីហ្គេម ឆ្ពោះមកកម្ពុជា ដោយក្នុងនោះ យើងត្រៀមរៀបចំសម្តែងសិល្បៈ វប្បធម៌ កីឡា ដើម្បីឲ្យស័ក្តិសមជាប្រទេសដែលមានអរិយធម៌ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើវិស័យកីឡាផងដែរ។ ពិធីសម្តែងរបស់កម្ពុជា មានរយៈពេល១០នាទី ហើយកម្ពុជា នឹងសម្តែងបង្ហាញពីវប្បធម៌ ទេសចរណ៍ ការរីកចម្រើនរបស់កម្ពុជា និងការរីកចម្រើននៃវិស័យកីឡាក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធកីឡាជាដើម។ «នៅក្នុងនោះ កម្ពុជាយើងនឹងក៏បង្ហាញពីការត្រៀមខ្លួនអោយបានរួចរាល់ផងដែរ ដោយរង់ចាំតែទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ភ្ញៀវស៊ីហ្គេមប៉ុណ្ណោះ។ ដូច្នេះ នៅក្នុងចំណុចសំខាន់ៗចំនួន៣នេះ គឺយើងបានបូកបញ្ជូលគ្នាឲ្យទៅជាទស្សនីយភាពមួយ ដែលមានទាំងការសម្តែងរបាំ ចម្រៀង ក្បាច់គុនល្បុក្កតោ។ ដូចគ្នានេះដែរ កិច្ចប្រជុំថ្ងៃនេះ គឺឯកឧត្តមបណ្ឌិត ថោង ខុន បានពិនិត្យយ៉ាងយកចិត្តទុកដាក់ លើក្រុមជំនាញរបស់យើង គឺខាងផ្នែកក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ បានប្រមែលប្រមូលបណ្ឌិត សាស្ត្រាចារ្យជំនាញៗ ដើម្បីធ្វើយ៉ាងណាឲ្យការសម្តែងមួយនេះ ទទួលបាននូវអត្ថន័យកាន់តែស៊ីជម្រៅ និងមានភាពទាក់ទាញបំផុត»។

ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា នៅក្នុងពិធីសម្តែងនេះ ថ្វីដ្បិតតែមានរយៈពេលខ្លីពិតមែន ប៉ុន្តែធ្វើយ៉ាងណាឲ្យរបៀបរបបនៃពិធីសម្តែងនេះទាក់ទាញឲ្យគេចង់មកចូលរួមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ហើយបើកាលណាគេចូលរួមគាំទ្រស៊ីហ្គេមរបស់យើង នោះស៊ីហ្គេមរបស់កម្ពុជាយើង នឹងទទួលបានជោគជ័យជាក់ជាមិនខាន។ ជាមួយគ្នានោះ ឯកឧត្តមក៏បានបញ្ជាក់ជំហរយ៉ាងរឹងមាំជាថ្មីផងដែរ គឺការទទួលធ្វើស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នៅតែធ្វើតាមលំដាប់លំដោយតាមកាលបរិច្ឆេទដែលបានកំណត់រួចហើយ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ បើទោះបីជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ មានបំណងចង់លើកពេលទៅឆ្នាំ២០២២ ឬពន្យារពេលវែងរំលងស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជា ទៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ យ៉ាងណាក្តី៕