ក្រសួងអប់រំ ច្រានចោលការស្នើសុំបើកសាលាឡើងវិញរបស់គ្រឹះស្ថានសិក្សាឯកជន 

ឯកឧត្តមរស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានអោយPNNដឹងនៅថ្ងៃ ២៣ មិថុនា ២០២១ថា ក្រសួងអប់រំ យុវជន និងកីឡាបានជួបផ្នែកឯកជនតាមប្រព័ន្ធអនឡាញ។

ជំនួបនេះ ប្រព្រឹត្តិទៅបន្ទាប់ពីផ្នែកឯកជនបានដាក់លិខិតចុះថ្ងៃ ១៦ មិថុនា ២០២១ ស្នើសុំជួបក្រសួងអប់រំ យុវជន និងកីឡាដើម្បីពិភាក្សាករណីស្នើសុំបើកសាលាឡើងវិញ រួមទាំងករណីពាក់ព័ន្ធ។

ក្រសួងអប់រំ យុវជន និងកីឡា រក្សាជំហរបន្តផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេស រហូតដល់មានការជូនដំណឹងជាថ្មី។

ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំបញ្ជូនសំណើទាំងស្រុងរបស់ផ្នែកឯកជន និងសេចក្តីព្រាងនៃសេចក្តីណែនាំស្តីពីការបង្រៀន និងរៀនតាមបែបចម្រុះសម្រាប់គ្រឹះស្ថានសិក្សាឯកជន ឆ្នាំសិក្សា ២០២០ – ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា គោរពជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ នៃគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីពិនិត្យនិងសម្រេច។

ចំពោះមុខនេះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវបន្តការបង្រៀន និងរៀនពីចម្ងាយ និងតាមអនឡាញ ស្របនឹងគន្លងជីវិតថ្មីនៃវិស័យអប់រំ។

ក្រសួងអប់រំ យុវជន និង កីឡាស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហការណ៍ពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន ជាពិសេសមាតាបិតា សិស្ស-និស្សិត និងអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំសម្រាប់អ្នកសិក្សា មុននិងក្នុងបរិបទកូវីដ-១៩៕

ប្រភព÷ PNN