ពលករ ចំនួន១១នាក់ បំរុងឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មេខ្យល់ ចំនួន ២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនបាននៅយប់ ថ្ងៃទី២៣ ឈានចូល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ១១នាក់ ក្នុងនោះស្រី ២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ក្រោមបញ្ជារផ្ទាល់របស់លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការ ចាត់តាំង លោក វរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងផ្នែកសឹករងម៉ាឡៃ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង យប់ថៃ្ងទី២៣ ឈានចូល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ខណៈលោកកំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួបមេខ្យល់ចំនួ ០២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត បន្ទាយមានជ័យ ឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្នមេខ្យល់ដែលត្រូវបានចាប់ខ្លួន ១- ឈ្មោះ នឿន សីហា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ២- ឈ្មោះ ឃន សុផាត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិអូល្វា ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង មេខ្យល់ ទាំងពីក្រោយពីបានសាកសួររួចក៏ប្រគល់អោយទៅកម្លាំងកងអាវុធហត្ថ ស្រុកចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯពលករទាំង ១១នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ ៕