ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា

ខេត្តតាកែវ៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីរបស់ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់មានឈ្មោះ កេង ឈាង ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅបច្ចប្បន្នភូមិត្រពាំងអង្គ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ពាក់ព័ន្ធករណីអំពើហឹង្សារដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅភូមិត្រពាំងអង្គ ឃុំព្រៃស្លឹកស្រុក ទ្រាំងខេត្តតាកែវ ឃាត់ខ្លួនបាននៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិត្រើយទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។សូមរំលឹកថាកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង២០នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយកើតឡើងនៅចំណុចផ្លូវលំ ក្នុងភូមិត្រពាំងអង្គ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បង្កឡ់ងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពប្រដាប់ដោយឈើជ្រុង វាយទៅលើជនរងគ្រោះឈ្មោះ ម៉ាង ប៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិបារាយណ៍ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ត្រូវត្រង់ក្បាល បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនសង្ស័យក្រោយកើតហេតុបានរត់គេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕