បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ លើអនីតិជន

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៨:៣០ នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យជួញដូរមនុស្សកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក វរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត យោងតាមដីកាបញ្ជាអោយចូលខ្លួនលេខ១៣៨៤ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ និងដោយបានការអនុញ្ញាតពី លោក ឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិទួលខ្ពស់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ លើអនីតិជនមិនទាន់គ្រប់អាយុ ដែលប្រព្រឹត្តិនៅចំណុចផ្ទះជនសង្ស័យជាកូនឈ្នួល ស្ថិតនៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

វត្ថុតាងចាប់យករួមមានទូរស័ព្ទដៃ ចំនួន០៣គ្រឿង, រថយន្តចំនួន០១គ្រឿង ម៉ាកTOYOTA HILUX REVO ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ភ.ម 2-1356។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងអនុវត្តតាមនីតិវិធី៕