ពលករ និងអ្នកនាំផ្លូវសរុបចំនួន៣២នាក់ បម្រុងឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងចម្រុះ

(បន្ទាយមានជ័យ)÷ ពលករចំនួន ៣២នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំង កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយ កងរាជអាវុធហត្ថ,កងការពារព្រំដែនគោកលេខ៥០៣ និងនគរបាលព្រំដែនគោកលេខ៩១១ ឃាត់ខ្លួនបាននៅវេលាម៉ោង ១១:៤៥នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ ចំនួន៤គោលដៅផ្សេងគ្នា សរុបចំនួន ៣២នាក់ ស្រី ចំនួន១០នាក់ កុមារចំនួន១នាក់ ក្នុងនោះអ្នកសង្ស័យជាអ្នកនាំផ្លូវចំនួន៤នាក់ ស្ថិតនៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ពង្រឹងការល្បាត តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។

សូមបញ្ជាក់ថា ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួប ពលករបម្រុងលួចឆ្លងដែន ត្រូវបានកងកម្លាំង កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង ក្រោយពីឃាត់ខ្លួន ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា ដើម្បីគ្រសារ និងសង្គមជាតិ។

បច្ចុប្បន្នមនុស្សទាំង៣២នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងមនុស្សចំនួន៤នាក់សង្ស័យជាអ្នកនាំផ្លូវ បន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់៕