២៦មិថុនា នៅទូទាំងប្រទេស ពុំមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះទេ

ភ្នំពេញ: នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន៧០៦គ្រឿង ក្នុងនោះមានម៉ូតូ៥១២គ្រឿង ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា ជិះបញ្ច្រាស់ មិនគោរពសិទ្ធិ និងប្រើប្រាស់ទូរស័ព្ទដៃ។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន អត់បណ្ណបើកបរ អត់ពាក់ខ្សែក្រវាត់ ល្មើសសញ្ញា ប្រើប្រាស់ទូរស័ព្ទ អត់ស្លាកលេខ ជាដើម។

ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវភាគច្រើន ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ឯកឧត្តម បានសំណូមពរដល់សាធារណជន និងអ្នកប្រើប្រាស់ផ្លូវទាំងឡាយ សូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់គឺជាការចូលរួមចំណែកអភិវឌ្ឍសង្គមគ្រួសារ និងសង្គមជាតិយើង។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បទល្មើសចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន២លើក បានបណ្តាលឱ្យមនុស្សរបួសសរុប៤ន (របួសធ្ងន់៣ន) និងពុំមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះទេ។

ជាបទពិសោធន៍កន្លងមក មូលហេតុប្រមូលផ្តុំដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន: បើកបរលើសល្បឿន មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រើប្រាស់ទូរស័ព្ទពេលបើកបរ ស្រវឹង បត់គ្រោះថ្នាក់ បើកបរក្នុងស្ថានភាពងងុយដេក ប្រជែងគ្រោះថ្នាក់ និង កត្តាបច្ចេកទេសយាន ។ល៕