ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បណ្តាលអោយបុរស២នាក់​ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកេីតហេតុ

ខេត្តបាត់ដំបង​៖​ នៅថ្ងៃសៅរ៍​ ទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៩និង៤៥នាទី ត្រង់ចំណុចកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ សរុបម៉ូតូ២គ្រឿង បណ្តាលអោយបុរស២នាក់​ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកេីតហេតុ។

តាមការរាយការណ័ពីសមត្ថកិច្ចជំនាញនគរបាលខេត្តបានអោយដឹងថា​ មានម៉ូតូ១គ្រឿង​ ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង ១AI-៥៥៦៣ បើកបរដោយ​ឈ្មោះ សាន់ សឿត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិចែងមានជ័យ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង និងម៉ូតូ០១គ្រឿងទៀត ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង ១F-៦២៣២ បើកបរដោយឈ្មោះ ឡាន ហូ ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ តាមការពិនិត្យកន្លែងកើតហេតុពីមន្ត្រីជំនាញគឺ​ ម៉ូតូផ្លាកលេខ បាត់ដំបង ១F-៦២៣២​ (ដឹកសាំង) បានបើកបរពីទិសខាងកើតទៅទិសខាងលិចច្រាស់ទិសនឹង ម៉ូតូ១គ្រឿងទៀត ពាក់ផ្លាកលេខ បាត់ដំបង ១AI-៥៥៦៣ ពេលមកដល់ចំណុចកើតហេតុ ម៉ូតូផ្លាកលេខ បាត់ដំបង ១F-៦២៣២ បានប្តូរទិសបត់ឆ្វេង សសៀរតាមចំណែកស្តាំរបស់ ម៉ូតូផ្លាកលេខ បាត់ដំបង ១AI-៥៥៦៣ ក៏បានបុកគ្នាហើយបានកំពប់សាំងឆាបឆេះជាមួយនឹងភ្លើងសម្រាមដែលដុតនៅកៀនកន្លែងកើតហេតុស្លាប់តែម្តង។

ករណីនេះ​ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានចុះពិនិត្យទីកន្លែងកើតហេតុ​ និងដកហូតវត្ថុតាង ម៉ូតូចំនួន២គ្រឿង ហើយបានប្រគល់សពជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕