តើសុរាផ្តល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាពអ្នក?

នាពេលបច្ចុប្បន្ន យើងសង្កេតឃើញថា ចំនួនអ្នកសេពគ្រឿងស្រវឹង នៅលើពិភពលោកកំពុងតែកើនឡើងយ៉ាងច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយមើលឃើញតែភាពសប្បាយ នៅពេលសេពគ្រឿងស្រវឹង អ្នកប្រើប្រាស់ភាគច្រើនបានមើលរំលងនូវផលប៉ះពាល់ជាច្រើនរបស់សុរា ហើយនៅតែបន្តប្រើប្រាស់នៅក្នុងកម្រិតមួយដែលមិនត្រឹមត្រូវ និងគ្រោះថ្នាក់ដោយមិនដឹងខ្លួន។

១) តើអ្នកប្រើប្រាស់នឹងប្រឈមនូវកត្តាអ្វីខ្លះពេលសេពសុរាហួសកម្រិត?

– ជាបឋម ដោយមិនអាចប្រកែកបាន សុរាប៉ះពាល់យ៉ាងខ្លះទៅលើសុខភាព នូវពេលប្រើប្រាស់នៅក្នុងកម្រិតមួយមិនត្រឹមត្រូវ។ ជាឧទាហរណ៍ ស្រាអាចបង្កអោយមានជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ ដូចជា ជំងឺរលាកលំពែង ជំងឺរលាកថ្លើម និងធ្ងន់ធ្ងរជាងនេះ គឺជំងឺក្រិនថ្លើម ដែលអាចបង្កអោយមានជំងឺទាចទឹក ហូរឈាមតាមបំពង់អាហារ និងជំងឺមហារីកថ្លើម។

– ក្រៅពីនេះ សុរាក៏ចូលរួមជាកត្តាដែលបង្កអោយមានជំងឺលើសឈាម ជំងឺសរសៃឈាម ជំងឺខ្សោយបេះដូង និងជំងឺស្ទះសរសៃឈាមខួរក្បាលផងដែរ។

– ចំពោះស្រ្តីមានផ្ទៃពោះ សុរាប៉ះពាល់យ៉ាងខ្លាំងទៅលើកូននៅក្នុងផ្ទៃ ដែលអាចបង្កអោយទារកកើតមកមានភាពមិនប្រក្រតីលើរូបរាងកាយ រឺ ស្មារតី។

២) តើគ្រឿងស្រវឹង ប៉ះពាល់តែលើសុខភាពមួយមុខទេរឺ?

– គេសង្កេតឃើញថា ការបើកបរយានយន្តដោយស្ថិតនៅក្នុងភាពស្រវឹង ប្រឈមយ៉ាងខ្លាំងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើអោយប៉ះពាល់ដល់ខ្លួនឯង ដល់អ្នករួមដំណើរ និងដល់អ្នកដទៃ។

– ម៉្យាងទៀត សុរាក៏ជាមូលហេតុចំបង ដែលបង្កអោយមានអំពើហិង្សាក្នុងគ្រួសារ ក្នុងសង្គម ការសេពគ្រឿងញៀន ហើយពេលខ្លះអាចឈានទៅការរំលោភសេពសន្ថវៈ ដោយសារតែការបាត់បង់ស្មារតី មិនអាចគ្រប់គ្រងខ្លួនឯងបាន។

“ជាសរុបយើងសង្កេតឃើញថា គ្រឿងស្រវឹងមិនមែនត្រឹមតែប៉ះពាល់ដល់ខ្លួនយើងនោះទេ តែវាក៏ប៉ះពាល់ដល់អ្នកដទៃដែលនៅជុំវិញខ្លួនយើងដែរ។ ដូច្នេះជាជម្រើសដ៏ល្អ ប្រជាពលរដ្ឋគ្រប់រូបគួរតែ ជៀសវាងអោយបានពីគ្រៀងស្រវឹង និងងាកមករកការហាត់ប្រាណ និងការបរិភោគប្រកបដោយសុវត្ថិភាព ផាសុកភាពអោយបានគ្រប់ៗគ្នា ដើម្បីពង្រឹងសុខភាពអោយកាន់តែល្អប្រសើរ។”៕

ប្រភព÷ មន្ទីរពេទ្យកាល់ម៉ែត