ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបើកកិច្ចពិភាក្សាលើបញ្ហាមួយចំនួនក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប 

នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើបញ្ហាមួយចំនួនក្នុងការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីជំរុញឱ្យអង្គភាពសាងសង់ ក៏ដូចជាក្រុមការងារត្រួតពិនិត្យបច្ចេកទេស ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេស ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានគុណភាពផ្លូវរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិលើការសាងសង់ឡើងវិញ និងខាតបង់ពេលវេលា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមការងារអន្តរក្រសួង អង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះអង្គភាពស្ថាបនាទាំងអស់ ដែលបានខិតខំប្រឹងប្រែងស្ថាបនាផ្លូវ ៣៨ខ្សែ តាមផែនការដែលបានគ្រោងទុក បើទោះបីជាជួបប្រឈមដោយសារវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែប្រការដែលសំខាន់នោះ សូមឱ្យអង្គភាពសាងសង់ និងក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់្ហបយថការត្រួតពិនិត្យបច្ចេកទេស អំពីការកែសម្រួលចិញ្ចើមផ្លូវ , ការបង្កើនសោភ័ណភាព និង កែសម្រួលការបង្ហាប់ដី ដោយពិនិត្យឡើងវិញច្រាំងស្ទឹងសៀមរាបប៉ែកខាងលិច រួមទាំងការពិនិត្យនិងតាមដានឲ្យបានច្បាស់លាស់ លើការស្ថាបនាផ្លូវឱ្យស្របទៅតាមស្តង់ដារ និងបច្ចេកទេស ដោយរៀបចំឲ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពត្រឹមត្រូវ ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវដែលកំពុងស្ថាបនា ជាពិសេសជួយស្រោចទឹកឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យអង្គភាពសាងសង់ត្រូវយកស្មារតីខ្ពស់ ធ្វើការងារឱ្យមានគុណភាពល្អ មានសោភ័ណភាពល្អ មានឆន្ទៈម៉ឺងម៉ាត់ ធ្វើឱ្យបានល្អ ធ្វើកុំឱ្យបរទេសមើលងាយ ធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្ត ផ្តល់សេចក្តីទុកចិត្ត និងការគាំទ្រដល់រាជរដ្ឋាភិបាល ប្រែក្លាយតំបន់នេះឱ្យក្លាយជាទីក្រុងទេសចរណ៍ទំនើប ដើម្បីមុខមាត់ប្រទេសជាតិយើង ។

ជាមួយនោះឯកឧត្តម ក៏ទទួចសុំឱ្យអង្គភាពសាងសង់ធ្វើម្ដងធ្វើឱ្យចប់កុំបាច់ឱ្យគេត្រួតពិនិត្យ និងកែសម្រួលឡើងវិញ ដោយត្រូវចំណាយលុយអស់ច្រើនជាងលើកទី១ កុំចង់ចំណេញបន្តិចបន្តួច ពីព្រោះនៅពេលគេធ្វើសវនកម្មរកឃើញកំហុសបច្ចេកទេសតម្រូវឱ្យធ្វើឡើងវិញ ខាតទាំងចុងខាងទាំងដើម ហើយបើមានបញ្ហាអ្វីត្រូវតែលើកឡើងដើម្បីរួមគ្នាដោះស្រាយ ។

សូមជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប មានចំនួន ៣៨ខ្សែ ដោយមានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ដោយបែងចែកជា ៤ប្រភេទរួមមាន៖ ទី១. ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣៥,៨៧៦គីឡូម៉ែត្រ , ទី២. ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ AC ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប៩,៣៨៩ គីឡូម៉ែត្រ , ទី៣. ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ AC ពីលើកម្រាស់ ៥ ទៅ ៧សង់ទីម៉ែត្រ ប្រវែងសរុប១០,៨៨០ គីឡូម៉ែត្រ និងទី៤. ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែកកម្រាស់ ២០ ទៅ ២៥សង់ទីម៉ែត្រ ប្រវែងសរុប ៥២,៥៩៦គីឡូម៉ែត្រ ៕

ប្រភព÷ មន្ទីរព័ត៌មានខេត្តសៀមរាប