ក្រុមហ៊ុនបង្កើតកម្មវិធីហ្គេម Electronic Arts មិនបានធ្វើការកែសម្រួលភាពចន្លោះប្រហោងសំខាន់ៗមួយចំនួន

Electronic Arts ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីហ្គេមល្បីៗជាច្រើនមានដូចជា Apex Legends, Battlefield, FIFA និង Madden ត្រូវបានរងការរិះគន់ពីក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបន្ទាប់ពីក្រុមហ៊ុនមិនមានវិធានការ ក្នុងការកែតម្រូវភាពចន្លោះប្រហោងមួយចំនួនដែលពួកគេបានរាយការណ៍ទៅឱ្យក្រុមហ៊ុនតាំងពីខែធ្នូ ឆ្នាំ ២០២០។

ភាពចន្លោះប្រហោងនេះត្រូវបានពួកគេរកឃើញនៅក្នុងការការគ្រប់គ្រងឈ្មោះគេហទំព័រ និងការកំណត់មិនបានត្រឹមត្រូវមួយចំនួនទៀតនៅក្នុងប្រព័ន្ធ DNS។ បញ្ហានេះអាចឱ្យជនអនាមិកទាញយកឈ្មោះគេហទំព័រទៅគ្រប់គ្រង ហើយពួកគេអាចបង្កើតគណនីអុីមែលក្លែងក្លាយដែលមើលទៅដូចគ្នានឹងអុីមែលផ្លូវការរបស់ក្រុមហ៊ុន បន្ទាប់មកពួកគេអាចប្រើអុីមែលនេះដើម្បីធ្វើការបោកបញ្ឆោតអ្នកប្រើប្រាស់ ឬបុគ្គលិករបស់ក្រុមហ៊ុនបាន។

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ទៅក្រុមហ៊ុន នូវឈ្មោះគេហទំព័រយ៉ាងហោចណាស់ចំនួន១០ ដែលអាចឱ្យជនអនាមិកទាញយកទៅគ្រប់គ្រង។ បើទោះបីជាក្រុមហ៊ុន EA បានបញ្ចាក់ថា ក្រុមហ៊ុននឹងធ្វើការទាក់ទងប្រសិនបើពួកគេត្រូវការព័ត៌មានបន្ថែម ប៉ុន្តែរហូតមកដល់បច្ចុប្បន្នពួកគេមិនបានធ្វើការសួរនាំអ្វីនោះទេ ហើយជាងនេះទៅទៀត ពួកគេក៏មិនបានធ្វើការកែតម្រូវបញ្ហានេះផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុននេះក្រុមហ៊ុនទើបតែធ្វើការកែសម្រួលភាពចន្លោះប្រហោងមួយផ្សេងទៀត ដែលអាចឱ្យជនអនាមិកជ្រៀតចូលទៅក្នុងគណនីរបស់អ្នកលេងហ្គេម ហើយអាចទាញយកទិន្នន័យសំខាន់ៗមានដូចជាលេខប័ណ្ណឥណទាន បន្ទាប់ពីក្រុមហ៊ុនបានទទួលសេចក្ដីរាយការណ៍ពីក្រុមហ៊ុនផ្នែកស្រាវជ្រាវសុវត្ថិភាពបច្ចេកវិទ្យា Check Point និង CyberInt នោះមក៕

ប្រភពព័ត៌មាន