ក្រសួងប្រៃសណីយ៍ ប្រកាសលក់ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ ក្នុងតម្លៃដើម៣,៧ដុល្លារ ក្នុងមួយឧបករណ៍

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមប្រកាសជូន ដំណឹងដល់ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍។ ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ។
ក្នុងន័យនេះ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ដែលមានបំណងចង់យកសំណាកលើបុគ្គលិក និយោជិត កម្មកររបស់ខ្លួន អាចទំនាក់ទំនងមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីទិញឧបករណ៍តេស្តរហ័សនេះ តាមរយៈ តេឡេក្រាម t.me/rapidtestkh ឬលេខទូរសព្ទ 123 / 067 818 782 / 017 848 108 / 077 867 957 នៅរៀងរាល់ម៉ោងធ្វើការ។ ចំពោះការទូទាត់អាចផ្ទេរមកគណនីធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) របស់ក្រសួង ដែលមានឈ្មោះគណនី MPTC និងលេខគណនី 567 789 123។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលលើការយកសំណាកនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព មុននឹងប្រគល់ឧបករណ៍តេស្តរហ័សនេះ៕