លោក ឃួង ស្រេង៖ ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អសម្រាប់អ្នកចាក់វ៉ាក់សាំង២ដូសរួច ដែលឆ្លងជំងឺកូដវីដ១៩

(ភ្នំពេញ)៖ តាមរយៈកិច្ចប្រជុំ ស្តីពីផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះតាមរយៈ Video Conference នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អសម្រាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចហើយ ហើយនៅមានការឆ្លងជំងឺកូវីដ១៩។

លោក ឃួង ស្រេង បានបន្តថា ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ១៩តាមផ្ទះ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្កម្ពុជា ហើយការងារនេះ រាជធានីភ្នំពេញ បានឈានមួយជំហានទៅមុខរួចហើយ ដែលមកដល់ពេលនេះ មានអ្នកជំងឺជាង៣០០នាក់ កំពុងសំរាកព្យាបាលនៅតាមផ្ទះ។

លោកអភិបាលរាជធានី បានបន្តយ៉ាងដូច្នេះថា៖ «យើងនឹងពិភាក្សាលម្អិតថែមទៀត ទៅលើយន្តការដែលត្រូវរៀបចំឱ្យបានល្អ ធានាដល់ការផ្តល់សេវា សុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋតាមតម្រូវការជាក់ស្តែង» ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ បានស្នើអាជ្ញាធរខណ្ឌទាំង១៤ ត្រូវផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដើម្បីផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋពីភាពចាំបាច់ ក្នុងការសំរាកព្យាបាលនៅតាមផ្ទះ។ ខណ្ឌនីមួយៗត្រូវបង្កើតឱ្យមានទីបញ្ជាការស្រាល ១កន្លែង ក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាអន្តរាគមន៍ជួយប្រជាពលរដ្ឋដែល ត្រូវការឱ្យជួយដែលញាំញីដោយជំងឺកូវីដ១៩ ទាន់ពេលវេលា និងដោយការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។

លោក ឃួង ស្រេង បានសន្និដ្ឋានថា៖ «យើងឃើញមានការឆ្លងច្រើនក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ មែន តែមនុស្សដែលឆ្លងនោះ នៅមានកម្លាំងមាំមួន។ នោះយើងអាចយល់បានថា មកពីការចាក់វ៉ាងទាំង២ដូសនោះកំពុងមានប្រសិទ្ធភាព ហើយការព្យាបាលនៅតាមផ្ទះ គឺកាន់តែចាំបាច់ និងមានប្រសិទ្ធភាពថែមទៀត។ ជាមួយគ្នានេះ យើងនឹងពន្យល់អប់រំដល់ប្រជាពលរដ្ឋពីសារសំខាន់ នៃការព្យាបាលអ្នកផ្ទុកជំងឺកូវីដ១៩ នៅតាមផ្ទះតាមរយះការធ្វើសន្និសិទសារព័ត៌មានឱ្យមានការយល់ដឹងជាសាធារណៈជាមួយនឹងការជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យចូលរួមជាមួយអាជ្ញាធរ»។

ពាក់ព័ន្ធនឹងការបន្តរិតបន្តឹងការគ្រប់គ្រងការជួបជុំមានដូចជាបៀហ្គាឌិន, ទីតាំងម៉ាស្សា KTV ជាដើម លោក ឃួង ស្រេង បានបញ្ជាក់ថា «គឺមិនត្រូវបន្ធូដៃឡើយ និយាយឱ្យស្រួលស្តាប់ គឺមុខរបរណាដែលមានការហាមឃាត់កន្លងមក គឺត្រូវតែរិតបន្តឹងឱ្យខ្លាំងកុំចាំបាច់មេ ក្រុងស្រែកបានអស់លោកធ្វើនោះ»៕