សម្ដេចតេជោសម្រេចឱ្យម្ចាស់តោយកទៅចិញ្ចឹមវិញក្រោយមានការសំណូមពរពីមហាជន

សត្វតោមួយក្បាលដែរបានដកហូតពីម្ចាស់ជនជាតិចិនទៅដាក់នៅសួនសត្វភ្នំតាម៉ៅកាលពីពេលថ្មីៗកន្លងទៅ ពេលនេះត្រូវបានសម្ដេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមនៅផ្ទះវិញហើយ ដោយសារតែសត្វតោមួយក្បាលនេះមិនព្រមសុីអាហារ និងមានការសំណូមពរយ៉ាងច្រើនពីមហាជន។

នារាត្រីថ្ងៃទី ៤ កក្កដា ឆ្នាំ២០២១ នេះ សម្ដេចបានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា៖

«ក្រោយក្តាប់បានរឿងសត្វតោល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ជាស់យកទៅចិញ្ចឹមវិញក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្តិភាពទាំងមនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង។

អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ»៕