ក្រសួង​កសិកម្ម​បង្ហាញពី​ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Rice Seeder) ដែលជាស្នាដៃកូនខ្មែរ

ដោយទទួលបានការគាំទ្រពីក្រសួង សមាគមកសិកម្មឈ្លាសវៃ (Agri Smart Association) ដែលត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០១៥ តាមរយៈការគាំទ្រថវិកាដោយ Brooklyn Bridge to Cambodia (BB2C) និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា−អូស្ត្រាលី ហៅកាត់ថា CAVAC បានច្នៃបង្កើតឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Rice Seeder) ដែលជាកម្មសិទ្ធិបញ្ញារបស់កូនខ្មែរ ប្រើសម្រាប់ព្រោះស្រូវជាជួរ ជំនួសកំលាំងពលកម្មមនុស្ស បង្កើនល្បឿនដាំដុះ កាត់បន្ថយបរិមាណគ្រាប់ពូជ ធ្វើឱ្យដំណាំស្រូវដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់ ជា មធ្យមប្រើរយ:ពេល ១ហត/ម៉ោង ត្រូវការពលកម្មមនុស្ស ១-២នាក់ ពិសេសជាងនេះ គេអាចប្រើឧបករណ៍នេះភ្ជាប់ជាមួយគោយន្ត ឬត្រាក់ទ័រ ទៅតាមទំហំដី។

 

បច្ចុប្បន្ន ដោយទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីកសិករ និងដៃគូអភិវឌ្ឍន៍ជាច្រើន សមាគមកសិកម្មឈ្លាសវៃ បាននិងកំពុងកែលម្អឧបករណ៍នេះជាបន្តបន្ទាប់ឱ្យកាន់តែងាយស្រួលប្រើ មានប្រសិទ្ធភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងតម្លៃទាបជាងមុន។ ឃើញពីគុណប្រយោជន៍របស់ឧបករណ៍នេះ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការប្រមូលផលដំណាំស្រូវនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាប់អារម្មណ៍ចំពោះឧបករណ៍នេះ និងកោតសរសើរដល់សមាគមកសិកម្មឈ្លាសវៃដែលបានគិតគូ និងផ្តួចផ្តើមគំនិតកែច្នៃឧបករណ៍កសិកម្មនេះឡើងដើម្បីជួយសម្រាលកម្លាំងរបស់ប្រជាកសិករ និងជួយជំរុញផលិតកម្មដំណាំស្រូវនៅកម្ពុជា ហើយសម្តេចតេជោបានផ្តល់ឧបករណ៍នេះជូនប្រជាកសិករ និងសហគមន៍កសិកម្មក្នុងខេត្តតាកែវចំនួន ១៣០គ្រឿង ខេត្តពោធិ៍សាត់ចំនួន ៥០គ្រឿង ខេត្តបាត់ ដំបងចំនួន ៥០គ្រឿង និងបន្ទាយមានជ័យចំនួន ៥០គ្រឿង ដើម្បីជំរុញល្បឿនស្តារដំណាំស្រូវឡើងវិញបន្ទាប់ពីជំនន់ទឹកភ្លៀង។ តាមរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថានៅក្នុងឆ្នាំ២០២១នេះ កសិករដែលទទួលបានឧបករណ៍ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ បានប្រើប្រាស់សម្រាប់ទាំងផលិតកម្មដំណាំស្រូវ និងផលិតកម្មគ្រាប់ពូជស្រូវ។

បច្ចុប្បន្ន អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កំពុងសហការជាមួយសមាគមកសិកម្មឈ្លាសវៃ ក្នុងការផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ឧបករណ៍នេះឲ្យបានកាន់តែទូលំទូលាយថែមទៀត៕