សមាគមជីវិតនិងក្តីសង្ឃឹម បានសាងសង់លំនៅឋានជូនដល់គ្រួសារមួយដែលក្រីក្របំផុតនៅភូមិលៀបចាស់ ក្នុងស្រុកអង្គរធំ

ក្រោមការឧបត្ថម្ភមូលនិធិពីកម្មវិធីស្បៀងអាហារសម្រាប់កម្ពុជា( Rice for Cambodia) នៅអូស្ត្រាលី ផ្តល់តាមរយៈគម្រោងនិរន្តរភាពសហគមន៍របស់សមាគមជីវិតនិងក្តីសង្ឃឹម បានសម្រេចសាងសង់លំនៅឋានមួយខ្នងផ្ទាល់ដី មានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ប្រក់ស័ង្កសី ចំណាយថវិកាជាង១.៤០០ដុល្លារអាមេរិក ជូនគ្រួសារលោក ពេជ្រ ធី រស់នៅភូមិលៀបចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ដែលជាគ្រួសារក្រីក្របំផុតមួយនៅក្នុងតំបន់នេះ ។

ព្រះភិក្ខុ ធម្មទិន្នោ ឡម លឿម នាយកប្រតិបត្តិសមាគមជីវិត និងក្តីសង្ឃឹម មានសង្ឃដិកាថា ដោយមើលឃើញលំនៅឋានចាស់គាត់តូច និងមានសភាពទ្រុឌទ្រោម ហើយថ្មីៗនេះត្រូវដួលរលំដោយសារខ្យល់ព្យុះ ជាពិសេសស្ថានភាពគ្រួសារគាត់ ស្របទៅនឹងគ្រួសារដែលត្រូវបានជ្រើសរើសជាគ្រួសារក្រីក្ររបស់គម្រោងនិរន្តរភាពសមាគមនោះ ទើបបានជូនដំណឹងទៅសប្បុរសជនជាម្ចាស់ជំនួយឱ្យជួយសាងសង់ផ្ទះនេះជូនគាត់ ដែលជាផ្ទះទី២៦៧ ហៅថាផ្ទះសន្តិភាព នៃគម្រោងនិរន្តរភាពសហគមន៍ របស់សមាគមជីវិតនិងក្តីសង្ឃឹម ។

ព្រះអង្គ មានសង្ឃដិកាទៀតថា ក្រៅពីបានផ្តល់ផ្ទះមួយខ្នងជូនដល់គាត់ហើយ សមាគមនៅបានជួយផ្គត់ផ្គង់កូនៗគាត់លើផ្នែកសម្ភារសិក្សា ឯកសណ្ឋានសិស្ស ហើយចំពោះមុខ សមាគមក៍នឹងបន្តជួយឧបត្ថម្ភស្បៀងប្រចាំខែ និង កូនៗទទួលបានឯកសណ្ឋានសិស្ស ឱ្យតែគាត់អនុវត្តបានទៅតាមលក្ខ័ខណ្ឌរបស់សមាគម ដូចជាមិនពិសាគ្រឿងស្រវឹង , មិនប្រើប្រាស់គ្រឿងញៀន , មិនប្រើអំពើហិង្សាក្នុងគ្រួសារ , មិនប្រព្រឹត្តល្បែងស៊ីសង ជាគ្រួសារដែលខិតខំកែច្នៃជីវភាពរស់នៅឱ្យមានភាពប្រសើរឡើង និងមានប័ណ្ណបញ្ជាក់ពីភាពក្រីក្ររបស់អាជ្ញាធរមូលដ្ឋានជាដើម ។

សូមបញ្ជាក់ថា សមាគមជីវិតនិងក្តីសង្ឃឹម បានបង្កើតឡើងនៅខែឧសភាឆ្នាំ២០០៥ ដឹកនាំដោយព្រះសង្ឃនៅខេត្តសៀមរាប ក្រោមការឧបត្ថម្ភមូលនិធិពីសប្បុរសជនជាតិនិងអន្តរជាតិទាំងក្នុងនិងក្រៅប្រទេស ហើយសមាគមបានប្រតិបត្តិនិងសាងសង់លំនៅឋាន និងផ្តល់ស្បៀងអាហារដល់គ្រួសារដែលមានប័ណ្ណក្រីក្រ តាមរយៈការសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលគិតមទល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ សមាគមបានកសាងផ្ទះសន្តិភាពជូនប្រជាពលរដ្ឋក្រីក្របានចំនួន២៦៧ខ្នងនៅក្នុងទូទាំង១២ក្រុងស្រុក នៃខេត្តសៀមរាប ៕

ប្រភព÷ មន្ទីរព័ត៌មានខេត្តសៀមរាប